(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសាធារណៈ និងជាការងារអភិវឌ្ឍន៍ចម្បងដែលទាមទារ ឲ្យមានការដោះស្រាយជាបន្ទាន់។
ការអះអាងរបស់ លោកស្រីបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ និងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយ នឹងហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដល់សិក្សានុសិស្សវិទ្យាល័យ ១០មករាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកស្រី មឹន មាណវី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពុះពារយ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើតមានជារាងរាល់ថ្ងៃនាពេលបច្ចុប្បន្ននេះ។ លោកស្រី ជំរុញដល់យុវជនទាំងអស់ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់របស់ប្រទេសជាតិយើងដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យើងក្នុងការគោរព និងអនុវត្តច្បាប់ គឺបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។
លោកស្រី បានបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោកនៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី៥-២៩ឆ្នាំ។ហើយក្នុងនោះមានប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់។
លោកស្រីបន្តថា យោងតាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅលើដងផ្លូវ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន ១,៤៩៤នាក់ ដែលក្នុងនោះខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់ផងដែរ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់៣៣%, ការមិនគោរពសិទ្ធអទិភាព២៧%, ការមិនប្រកាន់ស្តាំ១៣%, ការវ៉ាជែង១០%, ការបត់ ៩%,ស្រវឹង ៤%, កត្តាយាន្ត ៣% និងងងុយ១% ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៨០% គឺជាអ្នកបើកបរម៉ូតូ។
ដោយឡែកអ្នកស្រី អូលីវ្យែ វាយឌែន តំណាងរបស់ស្ថាប័ន APIWSA បានលើកឡើងថា អ្នកស្រីមានការជឿជាក់ថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៏ ដើម្បីចូលរួមចំណែកកាត់បន្ថយចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាពិសេសចំពោះមូលហេតុបង្កដោយសារការបើកបក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕