(ភ្នំពេញ)៖ ដោយទទួលបានការអនុញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបប្រតិភូ សាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទ នៃបរិស័ទ្ធថ្ងៃចុងក្រោយពិភពលោក ដឹកនាំដោយលោក រ៉ុសឹល នែលសុន (Russell M. Nelson) នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងជំនួបពិភាក្សានេះ លោក រ៉ុសឹល នែលសុន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យសាសនាចក្រ ព្រះយេស៊ូវគ្រឹស្ទនៃបរិស័ទ្ធ ថ្ងៃចុងក្រោយពិភពលោក បានមានសកម្មភាពនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ នៅតាមសហគមនានា ក្នុងប្រទេសកម្ពុជា លើផ្នែកមនុស្សធម៌ វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលធនធានមនុស្ស និងសាសនា។
ប្រតិភូ ក៏បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ពីសកម្មភាពមួយចំនួនដែលក្រុមសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ បានមកបោះទីតាំងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្នុងនោះបានផ្តោតលើការ កសាងមន្ទីរពេទ្យសម្ភព និងការរួមចំណែកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដល់ក្រុមគ្រូពេទ្យ។
ដោយឡែកនៅពេលខាងមុខ ក៏នឹងមានការកសាងព្រះវិហារមួយយ៉ាងធំនៅកម្ពុជា ដែលមានឈ្មោះថា ព្រះវិហារបរិសុទ្ធ ដែលជាទីគោរពសក្ការៈរបស់គ្រីស្ទបរិស័ទទូទៅ។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកស្រី ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេច ជូនប្រតិភូប្រកបដោយនឹករលឹក និងបានជំរាបជូនពីសកម្មភាពដ៏មមារញឹករបស់សម្តេច ក្នុងខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិច ដែលមានប្រមុខរដ្ឋ នៃបណ្តាប្រទេសជាច្រើន រួមនិងភ្ញៀវអន្តរជាតិប្រមាណ២ពាន់នាក់ បានមកជួបជុំគ្នានៅកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត បានរំលឹកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាគន្លឹះមួយចំនួន នៅក្នុងកិច្ចប្រជុំនាពេលនេះ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតំលៃសកល»។
លោកស្រី ម៉ែន សំអន បន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានសន្តិភាព ដែលជាឱកាសសំរាប់ការអភិវឌ្ឍប្រទេស ពិសេសបានផ្តល់ឱកាស ដល់គ្រប់សាសនាបានមកបំពេញ តាមជំនឿរបស់ប្រជាជនរៀងៗខ្លួន ដោយមិនប្រកាន់និន្នាការ ជាតិសាសន៍ ហើយកំពុងដំណើរការប្រកបដោយសុខដុមរម្មនា។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក រ៉ុសឹល នែលសុន (Russell M. Nelson) និងសហការី ដែលបានអញ្ជើញមកជួបសំណេះសំណាល នាឱកាសនេះ និងសុំបន្តកិច្ចការនៅកម្ពុជា ឲ្យកាន់តែរីកចំរើនឡើងថែមទៀត៕