(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយនឹងក្រុមហ៊ុនសូគីមិច អ៉ិនវេសមេន គ្រុប និងសណ្ឋាគារសុខា បានរួមគ្នាផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាលើកទី៧ ក្រោមពាក្យស្លោក «ទឹកចិត្តមនុស្សធម៌» គោលដៅគឺចង់មានការជួយសង្គ្រោះជីវិតមនុស្ស ដល់អ្នកជំងឺកំពុងត្រូវការឈាមជាបន្ទាន់។
ការបរិច្ចាគឈាមនេះ ធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរជោរៃភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងលោក លោក ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រៅពីនោះក៏មានបុគ្គលិកមន្ទីរពេទ្យ ចូលរួមប្រមាណជា១០០នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា បានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះជាលើកទី៧ហើយ ដែលមន្ទីរជោរៃភ្នំពេញបានសហការជាមួយនឹងសណ្ឋាគារសុខាភ្នំពេញ និងសូគីមិច បានរៀបចំកម្មវិធីមនុស្សធម៌នេះឡើង ក្រោមពាក្យស្លោកថា ទឹកចិត្តមនុស្សធម៌ ដែលជាគោលដៅតែមួយ គឺក្នុងការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ ដែលកំពុងត្រូវការឈាមជាបន្ទាន់»។
លោកបន្ថែមថា ក្នុងមួយឆ្នាំមន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម២ដង ជូនដល់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ហើយនេះជាលើកទី៧ហើយ ដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១៖ មានអ្នកចូលរួម៦០នាក់, លើកទី២៖ មានអ្នកចូលរួមចំនួន៧០នាក់, លើកទី៣៖ មានការចូលរួម៨០នាក់, លើកទី៤៖ មានជាង១០០នាក់, លើកទី៥៖ ជាង១០០នាក់, លើកទី៦៖ក៏មានជាង១០០នាក់ និងលើកទី៧៖ មានប្រមាណ១០០នាក់ដែរ។
លោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានប្តេជ្ញាថានឹងបន្តការការមនុស្សធម៌នេះ ក្នុងមួយឆ្នាំយ៉ាងតិចណាស់ឲ្យបាន២ដង ដើម្បីធ្វើយ៉ាងណាជួយបរិច្ចាគឈាម មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។
ជាមួយគ្នានោះដែរ លោក ខៃ សុខហេង បានបញ្ជាក់ថា បញ្ហាឈាមមិនមែនជាបញ្ហារបស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហារួមទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមក។
លោកបន្ថែមថា នាពេលសព្វថ្ងៃនេះ តម្រូវការឈាមនៅតែមានការកើនឡើងខ្ពស់ ដែលជាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋគួរតែមានការបរិច្ចាគឈាម ដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់ កុំចាំបាច់តែជួយបងប្អូន ឬគ្រួសាររបស់ខ្លួនឯង មិនបានគិតដល់អ្នកជំងឺឯទៀតដែលកំពុងត្រូវការ។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់នៅកម្ពុជា គួរតែមកបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ ដែលកំពុងជួបបញ្ហា៕