(ព្រះវិហារ)៖ ដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋប្រមាណ ៣០ហិកតា ស្ថិតក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានមនុស្សមួយចំនួន ចូលទន្ទ្រានកាប់ឆ្ការដោយខុសច្បាប់ និងបានធ្វើការភ្ជួររាស់ដាំស្រូវរយៈពេល២ឆ្នាំមកនោះ ត្រូវបានអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារចុះទៅបង្រ្កាប និងរឹបអូសបានវត្ថុតាងមួយចំនួន ខណៈអ្នកប្រព្រឹត្តរត់គេចខ្លួនបាត់អស់។
លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កាលពីម្សិលមិញ លោកបានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យដល់ទីតាំងដីដែលប្រជាពលរដ្ឋ លួចកាប់ទន្ទ្រានដោយខុសច្បាប់ បន្ទាប់ពីលោកបានទទួលរបាយការណ៍ពីលោកមេឃុំឆែបពីរ។
លោកអភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យក្នុងពេលនោះឃើញថា ប្រជាពលរដ្ឋពិតជាបានកាប់ទន្ទ្រានដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋដោយខុសច្បាប់អស់ជិត ៣០ហិកតា និងបានភ្ជួររាស់ដាំស្រូវពិតប្រាកដមែន។ លោកថា ឃើញក្រុមការងារចុះទៅដល់ ក្រុមប្រជាពលរដ្ឋទាំងនោះ មានការភិតភយ័ហើយរត់គេចខ្លួនបាត់អស់។
ជាមួយគ្នានោះ ក្រុមការងារបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ស្រាយខ្សែលួស ៣ខ្សែ រាយពទ្ធ័ជុំវិញស្រែប្រហែល ១គីឡូ ដុំបំឡែងភ្លើងឆក់សត្វព្រៃ១ ឌីណាម៉ូ១ ម៉ាស៊ីនត្រង់សឺនរ័១គ្រឿង គោយន្តកន្ត្រៃយ៍១គ្រឿង និងម៉ូតូ២គ្រឿង។
ចំពោះសម្ភារដែលជាវត្ថុតាងទាំងនោះ ត្រូវបាននាំយកមករក្សាទុកនៅអធិការស្រុកជាបណ្តោះអាសន្ន។ លោកអភិបាលស្រុក សុក សាន្តតារ៉ា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវបញ្ឈប់ការកាប់ឆ្ការុករានដីព្រៃរបស់រដ្ឋ ព្រោះជាអំពើខុសច្បាប់ដែលនាំឲ្យមានទោសដល់ខ្លួន៕