(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញរៀបចំពិធីជប់លៀងជូនគណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក។
ពិធីជប់លៀងនេះនឹងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងពិធីល្ងាចនេះលោក Krishna V. Rajan អតីតអគ្គរដ្ឋទូតឥណ្ឌា នឹងឡើងធ្វើបទបង្ហាញពីសេចក្តីថ្លែងការទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានថ្លែងសុន្ទរកថាស្វាគមន៍ខ្លីនៅក្នុងពិធីនេះផងដែរ។ ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់នឹងត្រូវយកមកសម្តែងជូនភ្ញៀវទស្សនាឱកាសនោះ។
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រដ្ឋាភិបាល សមាជិកសភា និងថ្នាក់ដឹកនាំស្ថាប័ននានាសរុបប្រមាណ ២ពាន់នាក់ មកពីប្រទេសចំនួន៤៨ បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានបើកជាផ្លូវការយ៉ាងមហោឡារិក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
អង្គការសហព័ន្ធសន្តិភាពសាកល (UPF) បានសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានមើលឃើញកម្ពុជា ជាប្រទេសដែលធ្លាប់ញ៉ាំញីដោយភ្លើងសង្គ្រាមពីអតីតកាល ហើយបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីបិទបញ្ចប់នូវភ្លើងសង្គ្រាមឆ្ពោះមកកាន់ការអភិវឌ្ឍន៍មួយដ៏ល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាព្រឹកមិញនេះ បានចែករំលែកនូវបទពិសោធន៍នៃវិបត្តិភ្លើងសង្គ្រាម ដែលកម្ពុជាបានឆ្លងកាត់យ៉ាងជូរចត់កាលពីអតីតកាល។ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវការដាក់ចេញយុទ្ធសាស្ត្រនានា ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់សង្គមកម្ពុជា។
អង្គការ UPF បានវាយតម្លៃខ្ពស់ និងលើកឡើងថា ជាការស័ក្តិសមបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា ដោយបានចែករំលែកនូវបទពិសោធន៍ជាច្រើនលើការកសាងសុខសន្តិភាព និងបង្ហាញឱ្យឃើញពីគុណតម្លៃនៃសុខសន្តិភាព៕