(ភ្នំពេញ)៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំកម្ពុជា បានកោតសរសើរពីភាពរីកចម្រើន និងការផ្លាស់ប្ដូរគួរឲ្យកត់សំគាល់របស់កម្ពុជា នាបរិការណ៍បច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងសុខសន្ដិភាពពេញលេញ ដែលសមិទ្ធិផលទាំងនេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ យ៉ាងដូច្នេះក្នុងជំនួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។
លោកឯកអគ្គរដ្ឋទូតបានបន្ដថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំដែលកត្តាទាំងនេះធ្វើឲ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្ដរជាតិ។ ដោយឈរលើហេតុផលពិតនៃ ការអភិវឌ្ឍន៍ទាំងនេះ អាល្លឺម៉ងនឹងជួយគាំទ្រ និងបង្ហាញការពិតពីកិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្ដទៀត ដើម្បីជំរុញអ្នកវិនិយោគិនអាល្លឺម៉ង់ មកបណ្ដាក់ទុនវិនិយោគបន្ថែមឲ្យបានច្រើននៅកម្ពុជា។
ក្នុងជំនួបពិភាក្សាកិច្ចការងារនេះ អគ្គបណ្ឌិតសភាចារ្យបានសម្ដែងការអបអរសារទរ ចំពោះលោក Christian Berger ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី របស់អាល្លឺម៉ងប្រចាំនៅកម្ពុជា និងសង្ឃឹមថាវត្តមាន និងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីនៅកម្ពុជានេះ។ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង និងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ។
អគ្គបណ្ឌិតសភាចារ្យបន្ថែមថា កម្ពុជា និងអាល្លឺម៉ងមានប្រវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យូរលុងណាមកហើយ កម្ពុជាថ្លែងអំណរគុណនូវតួនាទីរបស់អាល្លឺម៉ង នៅក្នុងដំណើរការស្វែងរកសន្ដិភាព និងការអភិវឌ្ឍន៍កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន។ ជាក់ស្ដែងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅប្រទេសកម្ពុជា បានផ្ដោតសំខាន់លើវិស័យអាទិភាពចំនួន៣ គឺអភិវឌ្ឍន៍ជនបទ, ការគាំពារសង្គម និងអភិបាលកិច្ច។
ភាគីទាំងពីរបានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ដែលប្រទេសទាំងពីរ ទើបនឹងបញ្ចប់កិច្ចចរចារពាក់ព័ន្ធនឹងវិស័យថាមពល ដោយរដ្ឋាភិបាលអាល្លឺម៉ង តាមរយៈធណាគារអភិវឌ្ឍន៍អាល្លឺម៉ង (kfw) នឹងផ្ដល់ឥណទានសម្បទានលើកទីមួយដល់កម្ពុជា។ ភាគីទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទាននេះមុនបំណាច់ឆ្នាំ២០១៩នេះ៕