(កែប)៖ គណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកែប បានចុះផ្សព្វផ្សាយពីគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ឆ្នេរ និងរមណីយដ្ឋានឆ្នេរសមុទ្រ ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ ដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជីវករ ជាច្រើននាក់អ្នក។
សកម្មភាពផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព ក្រោមវត្តមានលោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយដ្ឋាន និងសំណង់ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារ Sangkahak Mith ខេត្តកែប។
លោក ព្រំ គន្ធិ បានចាត់ទុកអង្គសិក្ខាសាលាពេលនេះ គឺជាការផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសឱ្យដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងអាជីវករ ដែលប្រកបមុខរបរអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅខេត្តកែប ឲ្យបានយល់ដឹងស៉ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្ត យន្តការ ការងារនីតិវិធី និងសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរប្រភេទដី ការកែសម្រួលក្បាលដី និងការស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។
លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា បន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ២០១៨ កន្លងមកនេះ ជាមួយនឹងស្ថានការណ៍នយោបាយដ៏ល្អប្រសើរ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ថែមទៀតតម្លៃដីថ្លីកាន់តែមានតម្លៃខ្ពស់ ហើយវិស័យសំណង់នៅលើទឹកដីខេត្តកែប ក៏កាន់តែរីកដុសដាលជាបន្តបន្ទាប់ជាក់ស្ដែងក្នុងឆ្នាំ ២០១៨ និងដើមឆ្នាំ២០១៩នេះ មានសំណង់លំនៅដ្ឋានប្រជាពលរដ្ឋកម្រិតក្រោម ៣០០០ម៉ែត្រក្រឡា និងក្រោម ៥០០ម៉ែត្រក្រឡា បានកើតឡើងរីកដុះដាលយ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងក្រៅពីនេះក៏មានសំណង់អាគារកម្ពស់ខ្ពស់ និងមធ្យម ជាលើកដំបូងមានជាបន្តបន្ទាប់។
លោកបន្តថា «តាមរយៈវិស័យសំណង់យើងអាចឆ្លុះបញ្ចាំងបាននៅកត្តាសុខសន្តិភាព លំនឹងផ្លូវចិត្តនៃការកាន់កាប់ និងគ្រប់គ្រងដី និងបង្ហាញឲ្យឃើញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើង កាន់តែធូរធារជាងមុន ស្របពេលដែលខេត្តកំពុងមានការអភិវឌ្ឍ និងការកែលម្អសោភ័ណភាពទីក្រុងបានស្អាត ប្រកបដោយការរក្សាបរិស្ថានល្អប្រសើរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាលំហែកម្សាន្តកាន់តែច្រើនឡើង។ ជាក់ស្ដែងនៅឆ្នាំ២០១៨ កន្លងមកនេះ ខេត្តទទួលបានភ្ញៀវទេសចរប្រមាណជិត ២លាននាក់»។
លោក ព្រំ គន្ធិ អះអាងថា ជាមួយគ្នានឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទកភាព ខេត្តកែប បានកាត់បន្ថយភាពត្រីក្រ ពី១៤,៣៧% នៅឆ្នាំ២០១៥ និង៤,៤៣% នៅឆ្នាំ២០១៩។
ក្នុងអង្គបើកសិក្ខាសាលានេះ លោក ហង្ស សុតសំភារ បានលើកបញ្ជាក់ថា ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព តុល្យភាព និងសមធម៌ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថេរភាព ៧% ក្នុងមួយឆ្នាំចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១៤៣៥ដុល្លារ ក្នុងឆ្នាំ២០១៧ ដល់ ១៥៤៨ដុល្លារ ក្នុងឆ្នាំ២០១៨ និងប៉ាន់ស្មានឡើងដល់ ១៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ អតិផរណាស្ថិតក្នុងកម្រិតទាប ២.៥% អត្រាភាពក្រីក្រក្រោម ១០% នឹងបន្តថយចុះក្នុងអត្រា ១% ប្រចាំឆ្នាំ។
លោកបន្តថា «ទេសចរអន្តរជាតិមកស្នាក់នៅតាមផ្ទះសំណាក់កម្ពុជា កើនឡើងពី ១លាននាក់ នៅឆ្នាំ២០០៤ ដល់ ២លាននាក់នៅឆ្នាំ២០០៧ និងបន្តកើនឡើងជាលំដាប់រហូតដល់ប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨»។
លោក ហង្ស សុតសំភារ បានបញ្ជាក់ទៀតថា ការអនុវត្តគោលនយោបាយជាតិស្ដីពី ការរៀបចំដែនដី គឺផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាលបានសិក្សា និងកំណត់ច្បាស់លាស់អំពីយន្តការនីតិវិធី បទប្បញ្ញត្តិ និងផែនការអភិវឌ្ឍន៍ប្រទាក់ក្រឡាគ្នា សំដៅធានាថាដែនដីនៅទូទាំងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងប្រើប្រាស់ការពារ និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាព សមធម៌ និងសមាហរណកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិសុខស្បៀង កិច្ចការពារជាតិ និងលំនឹងធម្មជាតិ។
លោកបានឲ្យដឹងទៀតថា អង្គសិក្ខាសាលាពេលនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវគោលការណ៍ណែនាំអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គោលការណ៍ណែនាំអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរសមុទ្រ និងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ និងការគ្រប់គ្រងសំណល់រឹង-រាវនៅតំបន់ឆ្នេរសមុទ្រ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពជូនដល់អាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងផ្នែកឯកជននៃខេត្តកែប៕