(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងវិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ត្រូវសហការជាមួយគ្នាអភិវឌ្ឍន៍តំបន់ ឬសហគមន៍អេកូទេសចរណ៍ឱ្យកាន់តែរីកចម្រើនឈានឡើង ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ជាតិ។
ការប្រកាសយ៉ាងដូច្នេះរបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ រួមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិកូទេសចរណ៍ (២0១៩-២០៣០) នាថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី។
នាឱកាសនោះ សម្ដេចក្រឡាហោម បានលើកឡើងពីការសារសំខាន់នៃវិស័យទេសចរណ៍ ពិសេសគឺសហគមន៍ទេសចរណ៍ ដែលកំពុងទាក់ទាញកំណើនទេសចរយ៉ាងសំខាន់។
ដើម្បីចូលរួមដល់កិច្ចពិភាក្សាក្នុងវេទិកា ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ពិសេសប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយជាកាលានុវត្តភាព សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន រួមមាន៖
* ទី១៖ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍អាទិភាព រួមមាន តំបន់ភូមិភាគឦសាន្ត តំបន់បឹងទន្លេសាប និងទន្លេមេគង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជួរភ្នំក្រវាញ តំបន់ជួរភ្នំដងរែក រួមជាមួយតំបន់អភិរក្សនានា ដែលត្រូវធានាកិច្ចការពារធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងសហគមន៍នៅទីនោះ ក្រោមទស្សនទាន «ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ»។
* ទី២៖ ខណៈដែលសហគមន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ជាង ២,៣០០កន្លែង ប៉ុន្តែសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍មានតែប្រមាណ ១២៥កន្លែងប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចក្រឡាហោមក៏បានគាំទ្រ និងស្នើឲ្យមានការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ក៏ដូចជាពង្រឹងសមត្ថភាពសហគមន៍ដែលមានស្រាប់ តាមរយៈការបង្កលក្ខណៈងាយស្រួលក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទាំងនោះ ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ត្រូវជួយសហគមន៍ទាំងនោះទៅតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួង ត្រូវធ្វើការទទួលស្គាល់តាមផ្លូវច្បាប់ ចំពោះសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ និងត្រូវធានាការបែងចែកប្រកបដោយសមធម៌រវាងសហគមន៍ និងដៃគូពាក់ព័ន្ធនានា (Equitable Sharing Model)។
* ទី៣៖ លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទ្រទ្រង់ សម្ដេចក្រឡហោមបានស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈអភិបាលរាជធានី-ខេត្ត ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវភ្ជាប់
ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព ក៏សូមស្នើឲ្យក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការសិក្សាលម្អិតអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារ សម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។
ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជួយដល់សហគមន៍តាមតម្រូវការជាក់ស្តែង ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណេត ការគ្រប់គ្រងសំរាម ការដោះខឹន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍។
* ទី៤៖ ដើម្បីជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្ដេចក្រឡាហោម បានគាំទ្រឲ្យមានការរៀបចំវេទិកាជាតិលើកទី២ នៅឆ្នាំ២០២០ និងជារៀងរាល់ឆ្នាំ និងគាំទ្រឲ្យស្នើសុំរាជរដ្ឋាភិបាលរៀបចំទិវាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃដែលរាជរដ្ឋាភិបាលអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តឲ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំជាព្រឹត្តិការណ៍អេកូទេសចរណ៍នានា ដូចជា ពិធីបុណ្យអេកូទេសចរណ៍ ពិធីបុណ្យផ្សោត ពិធីបុណ្យកោងកាង និងពិធីបុណ្យភ្ជុំជាដើម។
* ទី៥៖ ដើម្បីជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឲ្យបានទូលំទូលាយ សម្ដេចក្រឡាហោម បានជំរុញលើកទឹកចិត្តស្នើឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់សហគមន៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ហើយការរៀបចំកញ្ចប់ទស្សនកិច្ចទាំងនេះត្រូវតែឆ្លងកាត់សហគមន៍។
ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានគាំទ្រឲ្យមានការរៀចំកម្មវិធីប្រឡងប្រណាំងជាលក្ខណៈមហាជនអំពីសហគមន៍ ជាពិសេសការប្រកួតប្រជែងរូបថត វីដេអូ និងការប្រកួតប្រជែងនានាស្តីពី សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបំផុសគំនិតស្រលាញ់ជាតិមាតុភូមិ ក្រោមពន្លឺនៃសន្តិភាព។ ក្នុងន័យនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរដល់ជ័យលាភីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ដែលនឹងមានការចែកជូនជ័យលាភីនាពេលបន្តិចទៀតនេះ។
* ទី៦៖ ខណៈដែលការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ សម្ដេចក្រឡាហោម ស ខេង បានគាំទ្រនូវការដាក់ចេញនូវគម្រនៃកិច្ចសហការ «ភាពជាដៃគូរវាងរដ្ឋ ឯកជនប្រជាជន (Public-Private-People-Partnership) ឬហៅកាត់ថាគម្រូ 4Ps» និងត្រូវជំរុញការអភិវឌ្ឍសហគមន៍ដោយផ្អែកលើគម្រទាំង២ ដូចដែលមានកំណត់ក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ គំរូខ្នាតតូច (SmallScale Model) ដោយផ្អែកលើសហគមន៍មូលដ្ឋាន និងគំរូខ្នាតធំ (Large-scale Model) ដោយផ្អែកលើវិនិយោគឯកជន។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ត្រូវបញ្ចូលទស្សនទានបៃតងក្នុងគំរូនៃការអភិវឌ្ឍសកម្មភាពអាជីវកម្មក្នុងសហគមន៍ ជាពិសេសការរៀបចំឲ្យមានជារង្វាន់បៃតង (Eco Certification) និងស្តង់ដាបៃតងនានាជាដើម។
* ទី៧៖ ដូចដែលបានដឹងហើយថា ការអភិវឌ្ឍសកម្មភាពអាជីវកម្មក្នុងការផ្តល់សេវាជូនភ្ញៀវទេសចរ ពិតជាមានសារៈសំខាន់សម្រាប់សហគមន៍។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ត ធ្វើការពិនិត្យនូវលក្ខខណ្ឌសមរម្យណាមួយ ក្នុងការផ្តល់ឥណទានទៅឲ្យសហគមន៍ ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការពង្រីកនូវសកម្មភាពអាជីវកម្ម និងសេវាកម្មរបស់ខ្លួន។
* ទី៨៖ ចំពោះបញ្ហាសន្តិសុខសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តជួយដល់គ្រប់សហគមន៍ទាំងអស់ ក្នុងការដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លឹកបង្ហាញព័ត៌មាន (Information) និងស្លាកសញ្ញាបង្ហាញទីតាំងនានា (Communication) ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន រួមជាមួយស្តង់ដាទេសចរណ៍ផ្សងព្រេងរបស់ក្រសួងទេសចរណ៍ ហើយជាមួយនេះសហគមន៍ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរ (Tourism Management Flow) ឲ្យបានច្បាស់លាស់៕