(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងសាររំលែកទុក្ខចំពោះការយាងសោយព្រះពិរាល័យ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
ស្ថានទូតចិនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖ «ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សម្តេចព្រះរៀម ព្រះអង្គទ្រង់បានលះបង់ព្រះកាយពលយ៉ាងធំធេង ក្នុងការផ្សព្វផ្សាយរបាំព្រះរាជទ្រព្យកម្ពុជា ព្រមទាំងការផ្សព្វផ្សាយមរតកបន្ត និងការអភិវឌ្ឍនៃមិត្តភាពរវាងចិន និងកម្ពុជា ដែលទាំងនេះនឹងត្រូវបានកត់ត្រាចូលក្នុងប្រវត្តិសាស្រ្តជានិរន្តរ៍»។
សូមបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានយាងសោយព្រះពិរាល័យ នាវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕