(កំពង់ស្ពឺ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងពង្រីកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានោះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ដែលចំណុះឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានបើកបវេសនកាលថ្មី ឆ្នាំ២០១៩-២០២០ បង្រៀនបច្ចេកទេស វិជ្ជាជីវៈ ដល់សិស្ស និស្សិត ដែលជួបការខ្វះខាត ដោយឥតគិតថ្លៃ។
ពិធីបើកបវេសនកាលថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ មានសិស្ស និស្សិត ចំនួន២៣៩នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងចំណោមសិស្ស និស្សិតទាំងអស់នេះ មានសិស្សជួបការលំបាកចំនួន ១៣០នាក់ កំពុងស្នាក់នៅទីនោះដោយផ្តល់ជូនការប្រប្រាស់ទឹក ភ្លើង ប្រព័ន្ធព័ត៌មាន ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជារៀងរាល់ខែ។
លោក សរ សុពុត្រា ក៏បានសូមចូលរួមអបអរសាទរចំពោះការបើកបវេសនៈកាលថ្មីនេះ ជាការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានស្រាប់ក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ការផ្តល់ចំណេះជំនាញ វិជ្ជាជីវៈ ដល់សិស្ស និស្សិត ដែលមាននៅពេលនេះទីកន្លែងស្នាក់នៅ និងកន្លែងសិក្សា គឺមិនអស់ប្រាក់នោះទេ។
លោកអភិបាលរងបានបន្ថែមថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានជួយកសាងអគារស្នាក់នៅ មួយកន្លែង ដែលមាន១២បន្ទប់ ដែលនឹងសាងសង់រួច ក្នុងកំឡុងខែកុម្ភៈ ខាងមុខនេះ និងមានការយកចិត្តទុកដាក់ពី លោកអភិបាលខេត្តកំពង់ស្ពឺ បានផ្តល់ឈើសម្រាប់សាងសង់អាគារស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងសម្ភារៈផ្សេងៗ មួយចំនួនទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ បានទទួលយកចិត្តទុកដាក់ទាំងស្មារតី និងសម្ភារៈ ជួយដល់បងប្អូនជាសិស្ស និងនិសិត្សដែលជួបការលំបាកទូទាំងខេត្តកំពង់ស្ពឺ។
លោក សរ សុពុត្រា បានជំរុញយុវជនដែលទទួលបានចំណេះដឹងនេះហើយ ត្រូវយកចំណេះដឹងនេះ ទៅប្រកបរបររកស៊ីទទួលទាន ដោយវិជ្ជាជីវៈ និងជាមនុស្សល្អក្នុងសង្គម ជៀសវាងប្រាស់ចាកពីចំណេះដឹងនាំ ឱ្យសង្គមជាតិកើតភាពវឹកវរ ពោលគឺធ្វើការទៅតាមចំណេះដឹង និងពលកម្ម ដើម្បីក្លាយជាប្រជាជនគម្រូ សម្រាប់អ្នកវិនិយោគគិនផងដែរ ។
សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ មានទីតាំងនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង ក្នុងឆ្នាំ២០០១ ដែលកន្លងមក ហើយថ្មីៗនេះ រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ បាននេងកំពុងសាងសង់អាគារសិក្សាមាន កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ អគារ អាហារដ្ឋាន អគារសម្រាប់ចុះឈ្មោះ និងទទួលពាក្យចូលសិក្សា និងជាកន្លែផ្សព្វផ្សាយ ហើយមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក៏បានសាងសង់របងព័ទ្ធជុំវិញមជ្ឈមណ្ឌលផងដែរ។
អភិបាលរងខេត្ត បានចូលរួមឧបត្ថម្ភសម្ភារៈ មួយចំនួនរួមមាន៖ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីវ អាវយឺត ភួយ និងសម្ភារៈមួយចំនួនផ្សេងទៀតផងដែរ៕