(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផា ទទួលបានវិភាគទានសប្បុរសធម៌ ចំនួន១២លានរៀល ពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន R&F សម្រាប់ទ្រទ្រង់ និងជួយមន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាទាំងនេះ បានមកពីសប្បុរសជន ក្នុងកម្មវិធី «ដំណក់ទឹកនៃសប្បុរសធម៌ ដំណក់ទឹកនៃក្តីស្រលាញ់សម្រាប់ភ្នំពេញ» របស់ R&F នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
កម្មវិធីប្រគល់ថវិកា ជូនដល់មូលនិធិគន្ធបុប្ផា បានត្រូវធ្វើឡើងនាពេលថ្មីៗនេះ នៅក្នុងពីធីប្រគំតន្ត្រីសប្បុរសធម៌ នៅការិយាល័យរបស់ R&F នៅផ្លូវសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ដែលមានការចូលរួម ពីតារាចម្រៀង និងពិធីករ ពិធីការិនីល្បីៗ នៃកម្ពុជា ដែលរួមមាន៖ លោក ឆន សុវណ្ណរាជ, កញ្ញា ហិន ច័ន្ទនីរ័ត្ន ព្រមទាំងក្រុមរាំ OMG។
តំណាងក្រុមហ៊ុន R&F Properties Cambodia បានឲ្យដឹងថា ការធ្វើកម្មវិធីសប្បុរសធម៌ ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ក្នុងគោលបំណងជួយដល់សង្គមកម្ពុជា ក៏ដូចជាជួយកុមារកម្ពុជា ដែលត្រូវការ ការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមរបាយការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ-ព្យាបាលជំងឺ ជូនដល់កុមារចំនួន ៨៧៥,២០៨នាក់។ ក្នុងចំណោមនោះ កុមារមានជំងឺធ្ងន់ៗមានចំនួន ១៨៨,៧៦៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង ១៧% បើធៀបនឹងឆ្នាំ២០១៨)។
របាយការណ៍បានបន្តថា កុមារចំនួន ៣៣,៨៥៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយអត្រាមរណៈ ០.១០% (ក្នុងឆ្នាំ២០១៨ មានចំនួន ១៤,៦១៥នាក់)។ កុមារចំនួន២៣,០០០នាក់ ត្រូវបានទទួលការវះកាត់ ដូចជាវះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៨៤១នាក់។
នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១៤៥,២១៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូន បានចំនួន ២៣,៨៨៤នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា៕