Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

MoneyGram និង Wing ដាក់ឲ្យដំណើរការសេវាកម្ម កាបូបចល័តថ្មីមួយនៅកម្ពុជា ដើម្បីឲ្យអតិថិជនងាយស្រួល ក្នុងការផ្ញើប្រាក់គ្រប់ពេលវេលា

19-11-2019 13:58

(ភ្នំពេញ)៖ ក្រុមហ៊ុន MoneyGram International, Inc ដែលជាក្រុមហ៊ុនផ្ញើប្រាក់ធំជាងគេបំផុត នៅលើពិភពលោក បានប្រកាសនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ខ្លួនកំពុងធ្វើជាដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ជូននូវសេវាកម្មថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យអតិថិជន ទទួលបានមូលនិធិដោយផ្ទាល់ ចូលទៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។

លោក Alex Holmes ប្រធាននាយកប្រតិបត្តិ និងជានាយកប្រតិបត្តិរបស់ MoneyGram បានថ្លែងថា «ដោយសារតែ ៨០ ភាគរយនៃប្រតិបត្តិការតាមអ៊ិនធឺណេតរបស់យើង ត្រូវបានធ្វើឡើងនៅលើទូរស័ព្ទដៃ យើងកំពុងសម្លឹងរកមើលការផ្តល់ជូន នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជនរបស់យើង ដោយប្រើប្រព័ន្ធឌីជីថលរបស់យើង»។

លោកបន្ដទៀតថា «វីងជាក្រុមហ៊ុនឈានមុខគេ ក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិច ហើយសេវាកម្មថ្មីនេះ នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតំលៃសម្រាប់ អ្នកមិនមានគណនីធនាគារនៅកម្ពុជា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចផ្ញើប្រាក់ឆ្លងកាត់ព្រំដែនឌីជីថល ពីគ្រប់ទីកន្លែង»។

ជាមួយភាពជាដៃគូនេះ អតិថិជនរបស់ MoneyGram អាចផ្ញើនិងទទួលប្រាក់យ៉ាងងាយស្រួល តាមរយៈកម្មវិធីស្មាតហ្វូនវីង។ អតិថិជនក៏មានជម្រើស ក្នុងការដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលមានជាង៧,០០០ កន្លែងក្នុងប្រទេសកម្ពុជាផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក Alex Holmes។

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានថ្លែងថា «យើងប្តេជ្ញាចិត្តផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប នូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តដែលមាន ភាពចាំបាច់ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយ MoneyGram បានអនុញ្ញាតឲ្យយើងទៅដល់គ្រប់ទីកន្លែង និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ពីជុំវិញពិភពលោក។

លោក Manu Rajan បានឲ្យដឹងថា «MoneyGram គឺជាក្រុមហ៊ុនមួយ ដែលមានភាពច្នៃប្រឌិត ហើយយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ ជួយផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជនទាំងនេះ។ សេវាកម្មថ្មីនេះ គ្រាន់តែជាឧទាហរណ៍មួយទៀត ដែលបញ្ជាក់ថា យើងមិនដែលឈប់ប្រឹងប្រែងដើម្បីផ្តល់ជូនប្រជាជនកម្ពុជា នូវផលិតផលនិងសេវាកម្មល្អបំផុតនោះឡើយ»

យោងតាមធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ថវិកាដែលបានបញ្ជូនត្រឡប់មកប្រទេសវិញ ពីពលករចំណាកស្រុកកម្ពុជា សរុបមានចំនួន១.៤ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ ចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះ ព្រោះថា ប្រាក់ដែលបានផ្ញើមកពីប្រជាជនកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស បានផ្តល់នូវប្រភពចំណូលដ៏សំខាន់ សម្រាប់ក្រុមគ្រួសារដែលត្រូវការចំណាយប្រចាំថ្ងៃ ធ្វើវិនិយោគ និងសងប្រាក់កម្ចីនានា។

MoneyGram គឺជាក្រុមហ៊ុនឈានមុខគេលើសេវាកម្មផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដែលអាចជួយមិត្តភក្តិ និងក្រុមគ្រួសារឲ្យផ្ញើប្រាក់សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងជីវិត ដោយចំណាយតិច មានទំនុកចិត្ត ព្រមទាំងងាយស្រួលទៅកាន់ជាង២០០ប្រទេស និងតំបន់៕