(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅ វិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញនូវបញ្ហាប្រឈមសកលចំនួន៦ចំណុច ដែលទាមទារឲ្យភាគីពាក់ព័ន្ធ បន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងជម្រៅ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។
បញ្ហាប្រឈមសកលទាំង៦ចំណុច ដែលលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖
* ទី១៖ ភាពជ្រុលនិយម និងចលនាជ្រុលនិយម
* ទី២៖ ការគាំពារនិយម និងឯកតានិយម
* ទី៣៖ ការប្រែប្រួលធាតុអាកាស
* ទី៤៖ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស
* ទី៥៖ ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត
* ទី៦៖ វិសមភាពសង្គម-សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តាឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិ ដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍ច្បាប់ ដើម្បីបណ្តុះបណ្ហាលថ្នាលសង្គមមួយ ជាមួយនឹងចក្ខុវិស័យ និងទស្សនាទានថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជានឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្រប ដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកមួយ ដែលប្រជាជនគ្រប់ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា៕