(ឧត្តរមានជ័យ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយលោក ឈឿង ផល្លាង ជំនួសលោក សាំង ប៊ុនថេន ដែលបានប្តូរទៅកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ស៊ុយ សាន្ត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការចូលរួមពីលោក ឃិន ញ៉ាណ អភិបាលរងខេត្តតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។
លោក ស៊ុយ សាន្ត បានជំរុញដល់មន្ត្រីអ្នកគ្រប់គ្រងសេវាទៅជាមន្ត្រីអ្នកបម្រើសេវាល្អនៅកៀកជាប់នឹងមូលដ្ឋាន។ លោកបន្តថា «ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តថ្មីនាពេលនេះ ជាការគ្រប់គ្រងភារកិច្ច និងការទទូលខុសត្រូវមួយដែលឱ្យសមីខ្លួនត្រូវបំពេញឱ្យអស់សមត្ថភាព លទ្ធភាព ដើម្បីជម្នះរាល់ភាពលំបាកនានាដែលកើតឡើង ដើម្បីធ្វើឱ្យអង្កភាពមានការកែប្រែសំដៅធានារ៉ាប់រងឱ្យបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្កភាពត្រូវបំពេញ និងទទូលខុសត្រូវចំពោះមុខស្ថាប័នទៅតាមការចាំបាច់ដែលក្រសួងបានប្រគល់ជូន»។
លោករដ្ឋលេខាធិការបានបន្ថែមថា ការប្រកាសចូលតំណែងនេះ ជាការយកចិត្តទុកដាក់ពីសំណាក់ក្រសួង ក្នុងគោលដៅដើម្បីពង្រឹង បង្ខិត និងជំរុញការបម្រើសេវាសាធារណៈជូនដល់បងប្អូន ប្រជាពលរដ្ឋបានកៀក និងចំគោលដៅនៅមូលដ្ឋាន ឆ្លើយតបតាមតម្រូវការចាំបាច់ក្នុងការបំពេញការងារ ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ជាមួយគ្នានោះ ត្រូវរួមសហការ សាមគ្គីគ្នាឲ្យបានល្អ រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីឲ្យសកម្មភាពការងារមានភាពរលូន និងមានប្រសិទ្ធភាព៕