(ភ្នំពេញ)៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការបញ្ចប់សង្គ្រាម និងជម្លោះប្រដាប់អាវុធស្ថាពរ និងការស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្តិចអំពីបទពិសោធន៍កម្ពុជាកន្លងមក ដែលទាក់ទងនឹងប្រធានបទកិច្ចប្រជុំកំពូល ថ្ងៃនេះគឺសន្តិភាព និងការបង្រួបបង្រួមជាតិ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយរហូត»។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេស ពីការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ជាមួយនឹងការការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។ ខ្លួនសម្តេចផ្ទាល់ក្រោយថ្ងៃរំដោះ ៧ មករា បានប្រមូលធនធានមនុស្សដែល សេសសល់ពីការកាប់សម្លាប់មានប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ហើយតាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះ» ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ជាបន្តបន្ទាប់ ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសនៅឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូតហើយកត្តានេះ គឺជាមូលហេតុដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ជាមួយនឹងលក្ខខណ្ជាអាទិភាពសំខាន់ ៣យ៉ាង គឺ ទី១៖ ការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត ទី២៖ ការធានាថាបុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត ទី៣៖ ការធានាការការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។ ការអនុវត្តដោយជោគជ័យនូវ «នយោបាយ ឈ្នះ-ឈ្នះ» នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។
សម្តេចតេជោ បានបញ្ជាក់បន្តថា៖ នេះគឺជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬ ការជួយជ្រោមជ្រែងពីខាងក្រៅ។ ជាការពិតស្ថានភាពដូច្នេះពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាពនិងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃ ព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចបានបញ្ជាក់ទៀតថា៖ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។
សម្តេចបានគូសបញ្ជាក់បន្តថា កាលពីជាង ២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ សេរីនិងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាព នៅចុងឆ្នាំ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២ ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០%ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
សម្តេចបានបន្តថា៖ ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សុខសន្តិភាពពិភពលោក តាមរយៈការបពានកងរក្សាសន្តិភាព និងក្រុមដោះមីន ទៅកាន់ប្រទេសនានាលើសកលលោកក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ៕