(បាត់ដំបង)៖ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារលើគ្រឿងបរិភោគឧបភោគជូនប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី មន្តី្រជំនាញ បានធ្វើការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះនានា ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្ត បាត់ដំបង បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារ ដែលពលរដ្ឋបានដាក់តាំងលក់នៅតាម ផ្ទះនោះ មន្រ្តីជំនាញបានចុះធ្វើការពិសោធន៍ទៅលើទំនិញចំរុះមួយចំនួន ដោយបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៥៣គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោល។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូលឱ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងតែបាន ចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋគ្រប់គ្នា ជាអ្នកប្រើប្រាស់ផ្ទាល់។

លោកបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ តាមផ្ទះ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត»។

លោកបានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋមដើម្បីរកសារធាតុគីមីហាមឃាត់ លើម្ហូប
អាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹង
អាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕