(វៀតណាម)៖ តបតាមការអញ្ជើញរបស់ លោក លុក ទីកាត (Luc Tygat) នាយកគ្រប់គ្រងយុទ្ធសាស្រ្ត និងសុវត្ថិភាពអាកាសចរណ៍នៃសហគមន៍អឺរ៉ុប អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរស៊ីវិលវៀតណាម លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចូលរួមវេទិកាលើកទី២ ស្តីពីការគ្រប់គ្រងសុវត្ថិភាពអាកាសចរស៊ីវិល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។
គោលបំណងនៃកិច្ចពិភាក្សា គឺផ្តោតសំខាន់ទៅលើ៖
* ការរៀបចំផែនការពង្រឹងសុវត្ថិភាពដែលរួមមាន ការលើកយកលទ្ធផលនៃអង្គមហាសន្និបាត ICAO លើកទី៤០ ក្នុងការកែសម្រួលប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពសកល (GASP) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព របស់សហគមន៍អឺរ៉ុប ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការរៀបចំផែនការសុវត្ថិភាពថ្នាក់ជាតិ នៅតាមបណ្តារដ្ឋជាសមាជិក។
* ការរៀបចំប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព និងបង្កើនការអនុវត្តឱ្យមានប្រសិទ្ធភាព រួមមានការរៀបចំផែនការត្រួតពិនិត្យសវនកម្មសុវត្ថិភាពសកល ការចូលរួមកិច្ចប្រតិបត្តិការពង្រឹងសុវត្ថិភាពថ្នាក់តំបន់ ការត្រួតពិនិត្យ និងការកំណត់បញ្ហាប្រឈម ដើម្បីដោះស្រាយ និងការជំរុញដល់បណ្តារដ្ឋជាសមាជិកទាំងអស់ ពិនិត្យផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន។
* ការរៀបចំប្រព័ន្ធគ្រប់គ្រងបញ្ហាសុវត្ថិភាព និងការកាត់បន្ថយបញ្ហាប្រឈម រួមមាន ការរៀបចំ SSP និងការវិភាគទិន្ន័យ ការរៀបចំអង្គភាព AIG និងការទទួលខុសត្រូវ ដោយមានការចែករំលែកព័ត៌មាន ស្តីពីគ្រោះថ្នាក់អាកាសចរណ៍ និងការវិភាគកែតម្រូវ។
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ បណ្ឌិតរដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ នឹងជួបប្រជុំទ្វេភាគីជាមួយតំណាងសហគមន៍អឺរ៉ុប និងប្រទេសបារាំង ស្តីពីជំនួយសហប្រតិបត្តិការ និងបច្ចេកទេសលើប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពអាកាសចរណ៍ និងធនធានមនុស្ស ហើយលោកក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មាការ ICAO/COSCAP-SEA លើកទី១៩ ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩៕