(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា, សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយសារលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ។
សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានលើកឡើងថា ការបាត់បង់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវតួអង្គពហុជំនាញ ជានិមិត្តរូបដ៏ឧត្តុងឧត្តមឲ្យវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ដែលជាដួងព្រលឹងរឹងមាំខ្លាំងក្លាតាំងពីសម័យសង្គមរាស្រ្តនិយមរហូតមកដល់បច្ចុប្បន្ន។ សម្តេចក៏ជានាដកាឯកនៃរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើនថ្កានល្បីល្បាញ រន្ទឺទូទាំងសាកលលោក។
ជាថ្មីម្តងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងយកកំណើតបដិសន្ធិក្នុងសុគតិភពគ្រប់ៗព្រះជាតិ ពុំឃ្លាតក្លាយជាបការៈដទៃឡើយ៕