(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន» នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់ផ្ទាល់ដី។
បើតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ គឺមានទិសដៅ និងគោលបំណងពង្រឹងការយល់ដឹងដល់សាធារណជនពីការប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងចិននេះ។
ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបើកកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ ដើម្បីបើកចំហរកាន់តែទូលាយ ការធ្វើពាណិជ្ជកម្មថែមទៀត។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖