(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារលិខិតមួយថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ ចំពោះការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
លោកស្រី ឃួន សុដារី បានរៀបរាប់ថា៖ «ទូលព្រះបង្គំខ្ញុំម្ចាស់ មានក្តីក្តុកក្តួលខ្សឹកខ្សួលរំជួលចិត្តឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងថា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទ្រង់យាងសោយព្រះពិរាល័យ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២:៣០ ថ្ងៃត្រង់ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។
លោកស្រីបានបន្តថា៖ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅជាមួយ អង្គម្ចាស់ម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មានព្រោះថាការបាត់បង់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដ៏ឧត្តុងឧត្តមដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វន់ល្វទ្រង់ពេញព្រះហឫទ័យនឹងនាដកា ជាអង្គតួឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក។
លោកស្រីបានបន្តទៀតថា៖ ជាទីបញ្ចប់ ទូលព្រះបង្គំខ្ញុំម្ចាស់សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងយោនយកកំណើត បដិសន្ធិក្នុងសុគតិភពគ្រប់ៗព្រះជាតិពុំឃ្លាតក្លាយជាបការៈដទៃឡើយ។ សូម ហ្លួងម៉ែ ជាអម្ចាស់ ជាទីគោរពសក្ការៈ ទ្រង់ស្ដេចទទួលនូវអភិវន្ទនកិច្ច និងកតញ្ញកតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំខ្ញុំម្ចាស់៕
ខាងក្រោមនេះជាសារចូលរួមរំលែកនូវព្រះមរណទុក្ខរបស់ លោកស្រី ឃួន សុដារី៖