(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ មានគម្រោងស្ថាបនាពង្រីកផ្លូវបេតុងមួយខ្សែជាប់របងវិទ្យាល័យច្បារអំពៅ ខណៈគម្រោងពង្រីកនេះមានទទឹង ១២ម៉ែត្រ បណ្ដោយ ១៧០០ម៉ែត្រ ប៉ុន្តែពលរដ្ឋស្នើឲ្យមានសំណងតាមតម្លៃទីផ្សារ ខ្លះជំទាស់ ខ្លះយល់ព្រមរើរុះតាមគម្រោងរបស់សាលាខណ្ឌ។
គ្រាដែលមន្ត្រីខណ្ឌច្បារអំពៅចុះជួបផ្ដល់ដំណឹងម្ដងទៀតនាព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកានេះ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា សាលាខណ្ឌច្បារអំពៅ នឹងពង្រីកផ្លូវបេតុងជាប់របងវិទ្យាល័យច្បារអំពៅនេះ ទៅតាមគម្រោងរបស់សាលាខណ្ឌ ដើម្បីបង្កើនសោភ័ណភាពផ្លូវ ព្រោះតំបន់នេះជាតំបន់អភិវឌ្ឍន៍ដ៏មានសក្ដានុពល ដូច្នេះផ្លូវក៏ត្រូវពង្រីកផងដែរ។
លោក ណុប ផា បានបន្តថា រដ្ឋបាលខណ្ឌបានចុះជូនដំណឹងដល់ពលរដ្ឋជាច្រើនលើកច្រើនសារហើយ ដើម្បីទុកជូនឱកាសឲ្យពលរដ្ឋរុសរើដោយខ្លួនឯង ខណៈលើកនេះ ខណ្ឌនឹងទុកឱសានវាទឲ្យ យ៉ាងយូរ ត្រឹមថ្ងៃទី២៥ ខែ វិច្ឆិកាឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា បើសិនជាមិនរុះរើដោយខ្លួនឯងទេ រដ្ឋបាលខណ្ឌនឹងរុះរើ ហើយបើខូចខាត សាលាខណ្ឌមិនទទួលខុសត្រូវឡើយ។
ជុំវិញករណីនេះពលរដ្ឋ ដែលមានផ្ទះត្រូវរុះរើនោះ អ្នកស្រី ផូ វន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ពួកគាត់មានការត្រេកអរចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែទន្ទឹមនឹងការស្ថាបនា រដ្ឋបាលគួរលៃលកសងសំណងតាមតម្លៃទីផ្សារមកពួកខ្លួនផង ហើយបើសិនជាអាចមិនគួរមកពង្រីកឲ្យចំផ្ទះពលរដ្ឋចឹងទេ គួរណាពង្រីកទៅខាងរបងសាលាល្អជាង ព្រោះដីរបស់ពលរដ្ឋខ្លះ មានទំហំបណ្ដោយជាង ១០ម៉ែត្រប៉ុណ្ណោះ បើសិនពង្រីកអស់៣ ទៅ៤ម៉ែត្រ មិនរឹតតែអស់ដីទៅហើយ។
រីឯពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះថា គាត់រីករាយនឹងការអភិវឌ្ឍន៍របស់ខណ្ឌ ដើម្បីបានផ្លូវធំងាយស្រួលបើកបរ ហើយនេះក៏ជាមុខមាត់សង្គមយើងផងដែរ ខណៈគាត់នឹងរុះរើទៅតាមការស្នើរដ្ឋបាលខណ្ឌ ដោយមិនជំទាស់ឡើយ។
គួរជំរាបថា រដ្ឋបាលខណ្ឌច្បារអំពៅ បាននិងកំពុងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្លូវ៣៦៩ និងផ្លូវមួយចំនួនផ្សេង ដើម្បីសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ និង ការស្ថាបនាផ្លូវឲ្យបានធំទូលាយស្អាត ដើម្បីសោភណភាព ស្របតាមគោនយោបាយអភិវឌ្ឍន៍ជាតិឲ្យមានការរីកចំរើនទៅមុខជាលំដាប់៕