(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្រុងពាលីសុំសេចក្តីសុខ សម្រាប់គោរពពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នាពេលឆាប់ៗខាងមុខនេះ នៅពហុកីឡាដ្ឋានខេត្តកំពត ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
គោលបំណង នៃពិធីក្រុងពាលានោះ ដើម្បីបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដីសុំសេចក្ដីសុខគ្រប់ប្រការ ជាពិសេសការរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលរួមកម្សាន្តប្រកបដោយ ការសប្បាយរីករាយ និងលទ្ធផលល្អប្រសើតាមការរំពឹងទុក។
ពិធីក្រុងពាលីបានប្រព្រឹត្តទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃដែលជាមេគុណខេត្តទាំងពីរគណៈ និងមន្ត្រីសង្ឃតាមឋានានុក្រមក្នុងខេត្ត ដើម្បីសូត្រមន្តប្រោះព្រំលើករាសីផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ធ្វើឡើងនៅថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដូច្នេះដើម្បីត្រៀមលក្ខណៈធ្វើឱ្យ ព្រឹត្តិការណ៍នៃពិធីបុណ្យដ៏ធំមួយនេះមានលក្ខណៈល្អប្លែកជាងបណ្ដាឆ្នាំមុនៗ នៅតាមបណ្ដាខេត្តជាប់សមុទ្រទាំងបួន នៃប្រទេសកម្ពុជាឱ្យបានតាមការណែនាំ និងរំពឹងទុករបស់ថ្នាក់ជាតិ។
រដ្ឋបាលខេត្តកំពត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងមមារញឹករៀបចំ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធរួម នឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈសោភ័ណភាពអនាម័យក្រុង ដោយធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យទេសចរណ៍ធំមួយនេះនៅខេត្តកំពត ទទួលបានលទ្ធផលដោយជោគជ័យ។
ក្នុងឱកាសនេះដែរ អភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប ៧២០,០០០រៀលដល់យាយជី តាជី ប្រមាណ ៧២នាក់៕