(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការសោយព្រះទិវង្គតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី, ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមថ្វាយសារលិខិតជូនព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយអង្គសម្តេចម៉ែ និងព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការសោយព្រះទិវង្គតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
ក្នុងសារលិខិតរបស់ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិនបានបញ្ជាក់ថា «ទូលព្រះបង្គុំខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ មានសេចក្ដីរន្ធត់សង្វេគ ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាអនេកចំពោះការសុគតរបស់ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប កាលពីថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ចាច់ទុកការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការ យូណេស្កូទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បន្តថា «ទូលព្រះបង្គុំជាខ្ញុំ និងភរិយា សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងទៅសោយសុខក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕