(ថៃ)៖ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន- នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារ ជាតិ អាស៊ាន បូកលើកទី ៦ នៅទីក្រុងបាងកកបន្តទៀត។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ បាប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំ និង មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង រដ្ឋមន្ត្រីការពារជាតិប្រទេសបូក រួមមាន ៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្ស៊េឡែន ឥណ្ឌា សហពន្ធ័រុស្ស៊ី និង សហរដ្ឋអាមេរិក។
តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញរបាយការណ៍ពីលទ្ធផលការងារ ក្រុមការងារជំនាញ ( EWG )ទាំង ៧ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និង ផែនការអនុវត្តការងារបន្តរបស់ក្រុមការងារជំនាញ ( EWG ) សម្រាប់ ឆ្នាំ២០២០ ដល់២០២៣ របស់ប្រទេសនីមួយៗ។ ក្នុងរបាយការណ៍នៃការអភិវឌ្ឍថ្មីៗរបស់អាស៊ាន បានបញ្ជាក់ថា៖ រាល់ការចូលរួមកិច្ចប្រជុំទាំងអស់ បានចូលរួមដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខបច្ចុប្បន្ន និងទៅអនាគត។ ទស្សនៈវិស័យរបស់អាស៊ាន គឺជំរុញឱ្យមានសន្តិភាព វិបុលភាពនៅក្នុងតំបន់។ ការជំរុញឱ្យមានសន្តិភាពស្ថិរភាពក្នុងតំបន់ គឺមានសារៈសំខាន់ គឺធ្វើឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈ ស្តីពីបរិស្ថានសន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូកលើកទី៦ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ បរិយាកាសសន្តិសុខ និងយុទ្ធសាស្ដ្រសកលកំពុងតែមានការវិវត្តន៍ឥតឈប់ឈរ ដែលបានបង្កើតនូវបញ្ហាប្រឈមថ្មីៗ និងធ្ងន់ធ្ងរផងដែរ។ ការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាអ៊ីនធើណែតកំពុងតែកែប្រែរូបរាងពិភពលោក របស់យើងក្នុងរូបភាពថ្មីមួយ។ វាបានបង្កលក្ខណៈសម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យនានា ដែលជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជួយយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នានា។ តែទន្ទឹមនេះក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរនៅពេលដែលវារីកសាយភាយ និងធ្លាក់ដល់ដៃតួអង្គមិនមែនរដ្ឋ ដូចជាពួកភេរវករជាដើម។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុងផ្នែកសន្តិសុខខ្លាំងបំផុត សម្រាប់សុវត្ថិភាព និងសុខដុមរមនានៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ការគំរាមកំហែងទាំងនេះ នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង នៅពេលដែលវាត្រូវបានច្របាច់បញ្ចូលជាមួយបច្ចេកវិទ្យាថ្មីៗ រាប់បញ្ចូលទាំងបច្ចេកវិទ្យាធម្មតាដូចជា បណ្តាញសង្គម ដើម្បីកេណ្ឌសមាជិកថ្មី និង បច្ចេកវិទ្យាស្មុគស្មាញដូចជាយន្ដហោះដ្រូនដែលបំពាក់ដោយអាវុធ។ បទពិសោធន៍បង្ហាញថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាភេវរកម្មតែម្នាក់ឯងបានទេ។ យើងយល់យ៉ាងច្បាស់ពីតួនាទីនៃយន្តការរួមគ្នាជាមួយដៃគូរបស់យើង និងតួនាទីរបស់វេទិកាកម្រិតតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងនេះ។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថាៈ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងសង្រ្គោះមហន្តរាយ កងយោធពលខេមរភូមិន្ទ បានធ្វើលំហាត់ហ្វឹកហ្វឺនជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ស្តីពីការប្រឆាំងភេរវកម្ម និងសង្រ្គោះគ្រោះមហន្តរាយ។ ហើយទទឹមនេះ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថភាពលើការសង្រ្គោះគ្រោះមហន្តរាយនេះ ដោយធ្វើលំហាត់ហ្វឹកហ្វឺនជាមួយប្រទេសវៀតណាម នៅខែធ្នូនេះផងដែរ។
នៅឱកាសញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី ៦ នាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ក៏បានប្រគល់វេនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង កិច្ចប្រជុំដែលពាក់ព័ន្ធ ទៅឱ្យ លោក នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលេច រដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះបន្តនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ៕