(ភ្នំពេញ)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជានឹងសម្រេចបានគោលដៅ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ មានទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យ១០០% នៅឆ្នាំ២០២៥។
ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ចាន់ ដារ៉ុង ចូលរួមក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News។
លោក ចាន់ ដារ៉ុង បានបញ្ជាក់ថា «ជាផែនការយុទ្ធសាស្ដ្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ យើងដាក់ទិសដៅថា ធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋ នៅតាមជនបទ នៅឆ្នាំ២០២៥ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យរស់នៅស្អាត បរិស្ថានស្អាត ដែលប្រកបដោយនិរន្ដរភាព នៅឆ្នាំ២០២៥»។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា បើពិនិត្យមើលទៅលើសន្ទុះកំណើន ពីឆ្នាំ២០១៧-២០១៨-២០១៩ យើងឃើញថា មកដល់ចុងឆ្នាំ២០១៩ បង្គន់អនាម័យ សម្រេចបានប្រហែល៨០ភាគរយ និងទឹកស្អាតសម្រេចបាន៦៥ភាគរយ ហើយនៅសល់៥ឆ្នាំទៀត យើងអាចសម្រេចបាន១០០ភាគរយ។
លោក ចាន់ ដារ៉ុង បានអះអាងថា ការសម្រេចបានផែនការ ទឹកស្អាត និងបង្គន់អនាម័យ១០០% នៅឆ្នាំ២០២៥ ដោយសារតែ៖
ទី១៖ មានការយកចិត្ដទុកដាកពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ ជំរុញបញ្ហាអនាម័យ និងទឹកនេះខ្លាំង
ទី២៖ ក្រសួងមានយន្ដការ ប្រើប្រាស់ក្រុមបច្ចេកទេសទឹកស្អាត និងអនាម័យថ្នាក់ជាតិ ដែលមានរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសហប្រធាន និងមានការសហការ ជាមួយដៃគូអភិវឌ្ឍន៍មួយរូប តំណាងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក៏ដូចជាអង្គការជាតិ និងអង្គការអន្ដរជាតិ ដែលចូលរួមក្នុងវិស័យទឹកស្អាត និងអនាម័យ។
មន្ដ្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា យន្ដការនេះ មិនមែនមានតែថ្នាក់ជាតិនោះទេ មានទៅដល់ថ្នាក់ខេត្តទៀត។ នៅគ្រប់ខេត្តទាំងអស់ គឺមានយន្ដការនេះ ហើយមានក្រុមបច្ចេកទេសទឹកស្អាត និងផ្នែកអនាម័យថ្នាក់ខេត្ត ដែលមានតាមបណ្ដាមន្ទីរ និងអង្គការមួយចំនួន ចូលរួមជាសមាជិក ដែលធ្វើការនៅលើវិស័យនេះ។
លោក ចាន់ ដារ៉ុង បានឲ្យដឹងទៀតថា «ឥឡូវនេះ យើងកំពុងមានទិសដៅថា ជំរុញឲ្យទៅដល់ថ្នាក់ស្រុកទៀត។ យន្ដការទាំងអស់នេះ និងផែនការយុទ្ធសាស្ដ្រជាតិ និងផែនការសកម្មភាព របស់យើងលម្អិតទៀត យើងគិតថា នឹងអាចសម្រេចបាននៅឆ្នាំ២០២៥»។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ដើម្បីឲ្យផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានតាមផែនការ នៅឆ្នាំ២០២៥ លោកសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន សូមចូលរួមទាំងអស់គ្នា ដើម្បីជំរុញសកម្មភាពទាក់ទងទៅនឹងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យដល់បងប្អូនប្រជាពលរដ្ឋ នៅជនបទធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យ៕