(បាងកក)៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទៅចូលរួម តាមការអញ្ជើញរបស់អគ្គមេបញ្ជាការ ប្រទេសថៃ ក្នុងការរៀបចំបង្ហាញអំពីការងារសន្តិសុខ និងពិព័រណ៍ការពារជាតិ។ ក្នុងការចូលរួមនោះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានជួបជាមួយអគ្គមេបញ្ជាការ ភូមិន្ទថៃ, អគ្គមេបញ្ជាការ មីយ៉ាន់ម៉ា, អគ្គមេបញ្ជាការ ប្រុយណេ និងអគ្គមេបញ្ជាការ ម៉ាឡេសុីផងដែរ។
នាយឧត្ដមសេនីយ៍ បានកោតសរសើរអំពីការងារសន្តិសុខ ដែលត្រូបានរៀបចំត្រឹមត្រូវទៅតាមបច្ចេកទេស និងជំនាញស្របតាមការប្រើប្រាស់មធ្យោបាយ គ្រឿងបំពាក់ដែលមានលក្ខណៈយ៉ាងសមស្រប។
ការរៀបចំបង្ហាញអំពីការងារសន្តិសុខ និងពិព័រណ៍ការពារជាតិនេះ បានបង្ហាញអំពីការងារសន្តិសុខរួមរបស់ អេស៊ាន(ASEAN) ដែលប្រទេសយើងទាំងអស់នៅក្នុង តំបន់អេស៊ាន ត្រូវយកចិត្តទុកដាក់ការងារសន្តិសុខ និងសុវត្ថិភាពអោយបាន។
នៅថ្ងៃដដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជួប លោក Randall G.Schriver ឧបការី រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិកផងដែរ។ លោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកសរសើរអំពីទំនាក់នងរវាងកម្ពុជា និងសហរដ្ឋអាមេរិក រយៈពេលចុងក្រោយនេះបានល្អប្រសើរ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំអោយការសហការនេះ កាន់តែល្អប្រសើរទៀត ហើយភាគីសហរដ្ឋអាមេរិក ចង់បានអោយកងទ័ពកម្ពុជា មានភាពរឹងមាំទៅលើវិស័យការពារជាតិ៕