(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានជួយទប់ស្កាត់លោក សម រង្ស៉ី និងបក្ខពួកមិនឱ្យយកទឹកដីឥណ្ឌូនេស៊ី ធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ជូសុស កាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាពនេះ។
ក្នុងជំនួបនេះ សម្ដេចតេជោ បានអរគុណប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងស្មារតីអាស៊ាន ទប់ស្កាត់មិនឱ្យក្រុមឧទ្ទាមក្រៅច្បាប់។ ជាពិសេសលោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ប្រើប្រាស់ទឹកដីឥណ្ឌូណេស៊ី ធ្វើសកម្មភាពទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ស្រ៉ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និង លោកស្រី មូរ សុខហួរ ព្រមទាំងបក្ខពួកមួយចំនួនទៀត បានព្យាយាមប្រើប្រាស់ទឹកដីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា។ តែទីបំផុតផែនការរបស់ពួកគេត្រូវបានទទួលបរាជ័យ ដោយប្រទេសសមាជិកអាស៊ានរួមមានថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផង តាមរយៈសំណើរបស់កម្ពុជា មិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពឈានទៅ សម្រេចផែនការរបស់ពួកគេនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ជូសុស កាឡា ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។
លោក ជូសុស កាឡា បានសម្ដែងការសប្បាយរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានការអភិវឌ្ឍកើនឡើង។ លោក ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅកម្ពុជា មានសារៈសំខាន់ណាស់ ដោយបានកសាងសមិទ្ធិផលបង្ហាញពិភពលោក នូវការរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមមួយចំនួន។
សម្ដេចតេជោ ក៏បានសម្ដែងការរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានរយៈកាលជាយូរលង់ណាស់មកហើយ ហើយបានអរគុណឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានដូចជាមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ របស់កម្ពុជា។ ក្រៅពីនោះទំនាក់ទំនងពាណិជ្ជកម្ម និងការហោះហើរត្រង់ ដែលបានធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងក្របខណ្ឌអាស៊ាន សម្ដេចតេជោ បានចាត់ទុកថា ឥណ្ឌូណេស៊ី គឺជាប្រទេសធំមួយ ដោយសារតែមានប្រជាជនច្រើន ហើយមានសំឡេងខ្លាំង ដែលជួយឱ្យអាស៊ានមានឥទ្ធិពល និងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សម្តេចតេជោ បានលើកឡើងថា គំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺបានក្លាយទៅជាទស្សនទាន របស់អាស៊ានទាំងមូល ដោយសម្ដេចតេជោគាំទ្រ និងចាត់ទុកទស្សនទាននេះ គឺជាទស្សនទានរបស់អាស៊ានទាំងមូល៕