(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ គណៈប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដឹកនាំដោយវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ប្រធានប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមចំនួន១៩នាក់ ចូលជួបសម្តែងការគួរសម នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បន្ទាប់ពីសិក្ខាកាមមកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីនយោបាយ ឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ។
ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយ ស្និទ្ធស្នាលបំផុត ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីភាពរីកចម្រើនរបស់កម្ពុជា និងកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការ សេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅកម្ពុជាលើកនេះ ដោយនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះថា នឹងនាំមកនូវការផ្លាស់ប្ដូរ បទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ក្នុងការកសាងកងទ័ពមួយ ដើម្បីសមាហរណកម្ម កងទ័ពនៅក្នុងតំបន់ ឱ្យកាន់តែមានសមត្ថភាព គុណភាព លើភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាពក្នុងតំបន់។
លោកវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ជំនួសមុខឱ្យសមាជិកប្រតិភូ និងសិក្ខាកាមទាំង១៩រូប ដែលមកពីគ្រប់ជំនាញ ក្នុងកងទ័ពបង់ក្លាដេស បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ និងនាយទាហានគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច នឹងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ ដល់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះ ព្រមទាំងបានផ្ដល់នូវបាត់បង្ហាញអំពីបទពិសោធន៍ល្អៗ របស់កងយោធពលខេមរភូមិន្ទ ជូនដល់ប្រតិភូសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដើម្បីបានសិក្សារៀនសូត្រ ហើយសរសេរនៅសារណាបញ្ចប់វគ្គក្រោយពេលមាតុភូមិនិវត្តន៍ ទៅដល់ប្រទេសបង់ក្លាដែសវិញ។
លោកវរសេនីយ៍ទោ បានគោរពអញ្ជើញដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ពិសេសនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ទៅតាមពេលវេលាណាមួយ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស ដែលបានអញ្ជើញលោកទៅបំពេញដំណើរទស្សនកិច្ច នៅប្រទេស បង់ក្លាដេស ហើយក៏សូមថ្លែងនូវអំណរអរគុណ ចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ព បង់ក្លាដេស ដែលកន្លងមកបានផ្ដល់ នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជា រីករាយស្វាគមន៍ និងផ្ដល់នូវបទពិសោធន៍ តាមរយៈនៃការធ្វើបទបង្ហាញ ស្ដីពីការរីកចម្រើន របស់កងយោធពលខេមរភូមិន្ទ និងការវិវត្តរីកចម្រើន របស់កម្ពុជា ឱ្យដល់សិក្ខាកាម របស់ប្រទេសបង់ក្លាដេស ដើម្បីបានសិក្សាស្វែងយល់បន្ថែម នឹងកាន់តែច្បាស់ថែមទៀត នៅអ្វីដែលកងយោធពលខេមរភូមិន្ទ បានបំពេញសម្រាប់ប្រទេសជាតិរបស់ខ្លួន និងនៅក្នុងតំបន់និងលើសាកលលោក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជូនពរឱ្យដំណើរទស្សនកិច្ចសិក្សាស្វែងយល់ភាពរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងភាពវិវឌ្ឍន៍រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការ សេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅកម្ពុជា ទទួលបានជោគជ័យនិងសុវត្តិភាព៕