(ភ្នំពេញ)៖ ក្រុមវិនិយោគិនចិន មកពីខេត្តយូណាន បានអះអាងប្រាប់ប្រមុខការទូតកម្ពុជាថា ពួកគេមានគម្រោងបោះទុនប្រមាណ១៣០០លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ។
ការអះអាងនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងជំនួប ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ទូ ជិនហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តយូណាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
បើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ លោក ទូ ជិនហោ បានដឹកនាំប្រធានក្រុមហ៊ុនធំៗ នៃខេត្តយូណាន មកជាមួយ ដើម្បីមកឈ្វេងយល់ពីលទ្ធភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយលោកអះអាងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ធុរកិច្ចជនចិនទាំងនោះ នឹងចុះហត្ថលេខាជាមួយធុរកិច្ចជនកម្ពុជា ដែលមានទឹកប្រាក់ ១៣០០លានដុល្លារអាមេរិក។
លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ឯកឧត្តម [ទូ ជិនហោ] បញ្ជាក់ថា គាត់មកនេះនាំប្រតិភូមកជាច្រើន ក្នុងនោះមានប្រធានក្រុមហ៊ុនធំៗ មកពីខេត្តយូណានេះផងដែរ ហើយគាត់បានបញ្ជាក់ហើយថា ប្រធានក្រុមហ៊ុនធំៗទាំងនោះ មកប្រទេសកម្ពុជាយើង គឺបានសិក្សាពិនិត្យអំពី សក្តានុពលផ្នែកសេដ្ឋកិច្ច គឺគេមានចំណាប់អារម្មណ៍ច្រើនណាស់ ផ្តោតទៅលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម គ្រឿងយន្តឧស្សាហកម្ម គ្រឿងយន្តឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដែលនៅថ្ងៃស្អែកនេះ នឹងមានចុះហត្ថលេខារវាងធុរកិច្ចជនមកពី ខេត្តហូណាន និងធុរកិច្ចជនខ្មែរយើង ដែលមានទឹកប្រាក់ប្រមាណ ១៣០០លានដុល្លារ»។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា លោក ទូ ជិនហោ ដែលជាអភិបាលខេត្តយូណានផងនោះ បានបញ្ជាក់ថា ខេត្តយូណាន គឺជាខេត្តមួយស្ថិតនៅភាគកណ្តាលប្រទេសចិន ដែលមានប្រជាជនប្រមាណ ៧៣លាននាក់ ប៉ុន្តែផលទុនសរុបក្នុងខេត្តនោះ (GDP) មានប្រមាណជា ៥៥០០លានដុល្លារអាមេរិក។
លោកបន្តថា នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ទំហំវិនិយោគ ១៣០០លានដុល្លារ ពីវិនិយោគិនចិន មកពីខេត្តយូណាននេះ គឺជាចំនួនមួយដ៏ច្រើនខ្លាំងណាស់ ហេតុនេះហើយ ការធ្វើទំនាក់ទំនងជាមួយខេត្តយូណាន គឺជារឿងមួយដ៏ល្អ ហើយលោកបានសម្តែងនូវការរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនមកពីខេត្តនេះ។ លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការវិនិយោគដ៏ធំនេះ នឹងជំរុញឲ្យប្រទេសទាំងពីរ កាន់តែមានសក្តានុពល ក៏ដូចជាទំហំពាណិជ្ជកម្មកាន់តែរីកចម្រើនបន្ថែមទៀត។
លោក កុយ គួង បន្ថែមថា លោក ទូ ជិន ហោ បានបញ្ជាក់ដែរថា វិនិយោគិនខេត្តហូណានត្រឹមមួយខេត្តនេះ តែវិនិយោគទឹកប្រាក់ដ៏ច្រើន ដោយសារប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគ។ អ្វីដែលពួកគាត់ទុកចិត្តនោះ គឺពួកគាត់មើលឃើញថា ប្រទេសកម្ពុជាយើង មានស្ថិរភាពនយោបាយ មានដំណើរការអភិវឌ្ឍប្រទេសដ៏ល្អ ដូច្នេះពួកគាត់មានទំនុកចិត្តខ្ពស់ ហើយនឹងពិភាក្សាពង្រីកការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជានិងចិន នៅឆ្នាំ២០១៧ មានចំនួន ៥៥៧៧លានដុល្លារអាមេរិក និងនៅឆ្នាំ២០១៨ មានចំនួន ៦៦០០លានដុល្លារអាមេរិក។ ចំពោះការវិនិយោគវិញ វិនិយោគិនចិន ដែលមកវិនិយោគនៅកម្ពុជា ឆ្នាំ២០១៧ មានចំនួនទឹកប្រាក់ ១៦៥៧លានដុល្លារ និងឆ្នាំ២០១៨ មានចំនួន ៣៥៩៤លានដុល្លារអាមេរិក។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕