(ភ្នំពេញ)៖ រដ្ឋមន្ត្រី វេង សាខុន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការជំរុញការស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជានាពេលអនាគត។
ក្នុងជំនួននោះលោក វេង សាខុន ឲ្យដឹងថា បានសូមស្វាគមន៍ និងលើកទឹកចិត្ត ចំពោះឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង និងផែនការវិនិយោគរយ:ពេលវែងលើ វិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា ស្របពេលដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តទំនើបកម្មកសិកម្ម តាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ, ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។
លោករដ្ឋមន្រ្ដីបន្ថែមថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ និងផែនការវិនិយោគ របស់ក្រុមហ៊ុនទទួលបានជោគជ័យ ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្ម គ្រឿងយន្តកសិកម្មដែលក្រុមហ៊ុន មានបំណងយកមកផ្សព្វផ្សាយនៅទីផ្សារ ត្រូវផ្តោតជាសំខាន់លើស្ថានភាពដី លក្ខណៈអំណោយផល ក្នុងការប្រើប្រាស់ទាំងការរៀបចំដី ដាំដុះ ប្រមូលផល និងជាពិសេសគ្រឿងយន្តដែលអាចសម្ងួត និងកែច្នៃកសិផលគ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។
កត្តាទាំងអស់នេះនឹងជួយផលិតផលកសិកម្មកម្ពុជាឲ្យមានស្តង់ដារ ជារួមបង្កើនតម្លៃបន្ថែមខ្ពស់មួយ ដែលក្រសួងពិសេសកសិករសង្ឃឹម និងរំពឹងទុកស្របតាមបរិបទនៃ កំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន។
រដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយចីរភាព។
លោកបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងជាច្រើនសម្រេចបាន គឺមិនអាចកាត់ផ្តាច់បានពី ចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
លោក Zhan បានឲ្យដឹងថា បន្ទាប់ពីមើលឃើញការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿន គួរឲ្យកត់សម្គាល់របស់កម្ពុជា ជាហេតុផលទាក់ទាញក្រុមហ៊ុនរបស់លោក មកធ្វើទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាព សក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាទាក់ទងសំខាន់ៗមួយចំនួនទៀត។
លោក Zhan បានជម្រាបជូនពី ប្រវត្តិក្រុមហ៊ុនដល់រដ្ឋមន្រ្តីថា ក្រុមហ៊ុន Zoomlion ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗនាំមុខគេ ក្នុងការស្រាវជ្រាវផលិតគ្រឿងយន្ត សម្រាប់វិស័យឧស្សាហកម្ម, សំណង់, និងកសិកម្មប្រកបដោយគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបានផលិតគ្រឿងយន្តច្រើនប្រភេទ ដើម្បីឆ្លើយតបនឹងការបរិបទ និងការវិវឌ្ឍន៍រីកចម្រើននៃ វិស័យនេះសំដៅបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍របស់កសិករ តាមរយ:ការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល, បង្កើនតម្លៃបន្ថែម, ចំណេញពេលវេលា, កាត់បន្ថយការប្រើកំលាំងពលកម្មមនុស្ស និងសត្វ, កាត់បន្ថយការបាត់បង់ និងរក្សាគុណភាពទាំងដី និងដំណាំ៕