(សិង្ហបុរី)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមសន្និសីទជាន់ខ្ពស់ ថ្នាក់ទេសាភិបាលស៊ាសិនលើកទី៥៥ និងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល SEACEN BOG លើកទី៣៩ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំនេះរៀបចំជារៀងរាល់ឆ្នាំ ដើម្បីឱ្យទេសាភិបាលធនាគារកណ្តាលនៃប្រទេសសមាជិក ចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងយោបលនានា ដើម្បីសម្រេចបានគោលដៅរក្សាកំណើន និងស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សន្និសីទ និងកិច្ចប្រជុំខាងលើបានពិភាក្សាអំពី ការទទួលយកនូវនវានុវត្តន៍, ការចូលរួមនៃប្រាជ្ញាសិប្បនិម្មិត (AI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។
លោកស្រីទេសាភិបាលរង ក៏ដូចជាទេសាភិបាលនៃប្រទេសអាស៊ាន ត្រូវបានអញ្ជើញឱ្យជួបសំណេះសំណាល ជាមួយម្ចាស់ក្សត្រី Màxima នៃប្រទេសហូឡង់ ដែលជាអ្នកតស៊ូមតិ ពិសេសសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន របស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិផងដែរ។
លោកស្រី នាវ ច័ន្ទថាណា និងគណៈប្រតិភូចូលរួមកម្មវិធីពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីលើកទី៤ ដែលត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីប្រតិភូប្រមាណ៥៧,០០០រូបមកពីស្ទើរតែគ្រប់ប្រទេស ទូទាំងពិភពលោក និងក្នុងគោលបំណងផ្តល់ជាវេទិកាពិភាក្សា ដល់ធនាគារកណ្តាល ក្នុងតំបន់ជំនាញការ អ្នករៀបចំគោលនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, វិនិយោគិន និងភាគីពាក់ព័ន្ធអំពីការអភិវឌ្ឍថ្មីៗ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។
កម្មវិធីនេះក៏មានការដាក់បង្ហាញនូវផលិតផល និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗក្នុងតំបន់ផងដែរ។ កម្មវិធីឆ្នាំនេះធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម ដាក់ស្តង់ពិព័រណ៌នៅក្នុងតំបន់ «Regulators Zone» សម្រាប់ផ្តល់វេទិកាដល់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អាចទទួលបានព័ត៌មានពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិក្នុងការធ្វើធុរកិច្ច ក្នុងវិស័យធនាគារ និងទូទាត់នៅកម្ពុជា។
លើសពីនេះមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យជាវាគ្មិនចែករំលែកបទពិសោធន៍ លើប្រធានបទស្តីពី «ទស្សនាទាននៃរូបិយវត្ថុឌីជីថល» នៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី រួមជាមួយនឹងវាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ៣រូបផ្សេងទៀតផងដែរ៕