(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ជាមួយប្រជាពលរដ្ឋនៅស្រុកទឹកឈូ ដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋ យកមកដោះស្រាយជូនពួកគាត់។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកសំណូមពរចំនួន ១៧ចំណុច ដែលភាគច្រើនពាក់ព័ន្ធនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ និងបញ្ហាហេដ្ឋារចនាសម្ពន្ធផ្សេងទៀត ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយ។
ទន្ទឹមនេះ លោក ជាវ តាយ បានតម្រូវឱ្យរដ្ឋបាលស្រុកទឹកឈូ សហការជាមួយមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងសំណូមពរនីមួយៗ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ ដើម្បីមានវិធានការដោះស្រាយ។
ចំពោះករណីប្រជាពលរដ្ឋភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ បានស្នើសុំដាក់លូសងសាងផ្លូវមួយខ្សែប្រវែង ៥០០ម៉ែត្រ រដ្ឋបាលខេត្តនឹងដាក់ជូនក្នុងអំលុងខែមករា ឆ្នាំ២០២០ ខាងមុខ ដែលមានមុខកាត់ ០.៦០ម៉ែត្រ ដើម្បីឆ្លើយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋ៕