(មណ្ឌលគិរី)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ ក្នុងរយៈពេល៨ឆ្នាំមកនេះ បានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅ២០រាជធានី និងខេត្ត ចំនួន៤៩៥,៩១២នាក់ ក្នុងប្រតិបត្តិការលើកទី២០៥ ដែលសកម្មភាពមនុស្សធម៌នេះ ក៏បានជួយដល់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការចុះពិនិត្យ និងព្យាបាលជូនអ្នកជំងឹ រួមនឹងការផ្តល់ជូនថ្នាំពេទ្យដោយមិនគិតថ្លៃ។ លើសពីនេះក៏បានប្រមូលផ្តុំនូវវេជ្ជបណ្ឌិតជំនាញៗ ក៏ដូចជាក្រុមបច្ចេកទេសជាច្រើនរូប ដែលសុទ្ធសឹងតែមានបទពិសោធន៍ច្រើនឆ្នាំ មកពិនិត្យ និងព្យាបាលជូនអ្នកជំងឺ។
ជាក់ស្តែងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥១៣នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ ប្រធានគណៈកម្មការទី៧រដ្ឋសភា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣,៦៧២នាក់ (បីពាន់ប្រាំមួយរយចិតសិបពីរនាក់) នៅវិទ្យាល័យ ហ៊ុន សែន កោះញែក ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ព្រមទាំងមានអាហារសាមគ្គី ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោកបន្ថែមថា «ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងរយៈពេល៨៣ខែ គិតចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៩ គឺ៨ឆ្នាំមកនេះ គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២០៥លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៤៩៥,៩១២នាក់ (សែសិបប្រាំបួនម៉ឺនប្រាំពាន់ប្រាំបួនរយដប់ពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣៣៤,៣២៤នាក់ (សាមសិបបីម៉ឺនបួនពាន់បីរយម្ភៃ បួននាក់) ក្នុង២០រាជធានី និងខេត្ត»។
ជាមួយគ្នានោះដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក នៅលើទឹកដីខេត្តមណ្ឌលគិរី។
លោកបន្ថែមថា «វាមានសារសំខាន់ណាស់ ដើម្បីបង្ហាញ និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ និងគិតគូរអំពីសុខមាលភាព របស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជាពិសេសប្រជាពលរដ្ឋ នៅក្នុងស្រុកកោះញែក ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង»។
លោកបានបន្តទៀតថា បញ្ហាសុខមាលភាព គឺជាកត្តាចម្បងមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខភាពល្អ តាមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តមានការអភិវឌ្ឍរីកចម្រើន។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៣៧៥នាក់, ជំងឺស្រ្តី២២១នាក់, ជំងឺផ្លូវចិត្ត១៩៥នាក់, ជំងឺឫសដូងបាត៣៣១នាក់, ជំងឺសន្លាក់ឆ្អឹង២៤៩នាក់, ជំងឺរលាកសួត៩៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២១៧នាក់, ជំងឺភ្នែក៣០២នាក់, ជំងឺសើរស្បែក២១៤នាក់, ជំងឺទឹកនោមផ្អែ៧៥១នាក់, ជំងឺមាត់ធ្មេញ១០៧នាក់, អេកូសាស្ត្រ១២១នាក់, វាស់ចង្វាក់បេះដូង១៣០នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម២៣១នាក់ ព្យាបាលរបួសនិងវះកាត់តូច៨៩នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៤៥១នាក់ និងរួមនឹងជំងឺទូទៅចំនួន៥៦០នាក់៕