(ភ្នំពេញ)៖ កម្មវិធីសប្បុរធម៌មានឈ្មោះថា «បណ្ណាល័យខ្ញុំ» ត្រូវបានរៀបចំនៅសាលាបឋមសិក្សារកាកោង២ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្ដាល ខណៈដែលបណ្ណាល័យនៅទីនោះ មានតែបន្ទប់ទទេ និង សៀវភៅ១ចំនួនតូចប៉ុណ្ណោះ។
កម្មវិធីនេះ ដឹកនាំរៀបចំដោយ លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយ ឧត្តមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាប្រធានសមាគមអប់រំអូវើស៊ីកម្ពុជា និងលោកសាស្រ្តាចារ្យបណ្ឌិត កៅ ជូជុង ព្រឹទ្ធបុរសរងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងជាតំណាងសមាគមគីវ៉ានីស៍។
លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានថ្លែងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ចូលរួមរៀបចំបណ្ណាល័យមួយឱ្យមានសម្ភារសិក្សាគ្រប់គ្រាន់ កន្លែងអាន និងឧបករណ៍ស្រាវជ្រាវ ដើម្បីបណ្ដុះទម្លាប់អាន សិក្សា ស្រាវជ្រាវរបស់កូនសិស្ស កុមារា កុមារី ពីវ័យក្មេង ក្នុងកម្រិតបឋមសិក្សានេះឡើងទៅ។
លោកសាស្រ្តាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីនេះ បានមកពីការចូលរួមរបស់ស្ថាប័ន ចំនួន៥ រួមមាន៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា, សមាគមអប់រំអូវើស៊ីកម្ពុជា, សមាគមគីវ៉ានីស៍កម្ពុជា និងសមាគមគីវ៉ានីស៍តៃវ៉ាន់ ដែលការរួមគ្នានេះ បង្កើតបានជា កម្លាំងមនុស្សធ៌ម ជួយដល់ក្មួយៗសិស្សានុសិស្ស ដែលមានការខ្វះខាតកន្លែងសមរម្យ និងឯកសារ សិក្សាស្រាវជ្រាវនេះ គឺជាវប្បធ៌មចែករំលែកក្នុងការជួយគ្នា ទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាព ត្រូវជួយដល់អ្នកទន់ខ្សោយ ខ្វះខាត យើងត្រូវតែចេះជួយគ្នាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជាសមាជិកសង្គមបានរីកចំរើនទៅព្រមៗគ្នា ។
លោកសាស្ដ្រាចារ្យបណ្ឌិត បានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ក្នុងការស្វែងរកឯកសារសម្រាប់សិក្សាស្រាវជ្រាវ និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅទីនោះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ។ លោកសាស្រ្តាចារ្យបណ្ឌិត បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និង បន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ព្រោះថា ការអប់រំមនុស្សត្រូវការពេលវេលាយូរអង្វែងទើបសម្រេចគោលដៅ។
លោកបណ្ឌិតបានពន្យល់ថា «មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ»។
គួរបញ្ជាក់ថា អំណោយដែលនាំយកទៅបំពាក់នៅបណ្ណាល័យនោះរួមមាន ទូរទស្សន៍ ១គ្រឿង; ម៉ាស៊ីនចាក់ DVD១គ្រឿង; កង្ហារ ៤គ្រឿង; អំពូលភ្លើង ១៥; ខ្សែភ្លើង ៩០ម៉ែត្រ; កម្រាលផ្លាស្ទីក ៥៦ម៉ែត្រក្រឡា; ទូដាក់សៀវភៅ ១៣; សៀវភៅអាន ២៥៦ក្បាល; ខ្មៅដៃ ១៣៨៥ដើម និងសម្ភារៈសិក្សា ៤០ឈុត។ ជាមួយគ្នានេះ សិស្សានុសិស្សដែលបានចូលរួម ទទួលបាន ថវិកាម្នាក់ ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។ ក្រៅពីអំណោយខាងលើ ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូក៏ទទួលបាននូវ អាហារ ១ពេល ផងដែរ៕