(ភ្នំពេញ)៖ លោក ឡេង ឃេរី នាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Riich Me Co., Ltd ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងទីផ្សារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park បានថ្លែងឲ្យដឹងថា ការបង្កើតអាជីវកម្មហាក់មិនមែនជារឿងពិបាកទេ ប៉ុន្តែការរក្សាបាននូវដំណើរការអាជីវកម្ម និងប្រកដោយភាពជោគជ័យទើបជារឿងពិបាក។ ដូច្នេះដើម្បីទទួលបានជោគជ័យលើ ការប្រកបអាជីវកម្មចំណីអាហារ ត្រូវជ្រើសរើសយកទីតាំងល្អ និងមានគុណភាពនៃរសជាតិ។
ការលើកឡើងបែបនេះរបស់លោក ឡេង ឃេរី ធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងសិក្ខាសាលាស្ដីពី «ឱកាសអាជីវកម្មនៅអាហារដ្ឋានបែបលម្ហែ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍»។
លោក ឡេង ឃេរី ថ្លែងឲ្យដឹងថា គ្រប់មុខអាជីវកម្មទាំងអស់ ការជ្រើសរើសទីតាំង គឺជារឿងសំខាន់បំផុត។ ការបង្កើតអាជីវកម្មមិនមែនជារឿងពិបាកនោះទេ ប៉ុន្តែការរក្សាបានដំណើរការអាជីវកម្ម និងប្រកដោយភាពជោគជ័យ ទើបជារឿងដែលពិបាក។
លោកបានបន្ដថា «ភាពជោគជ័យរបស់អាជីវកម្មផ្នែកចំណីអាហារ សំខាន់លើការជ្រើសរើសទីតាំង គួបផ្សំជាមួយនឹងគុណភាពនៃសេវាកម្ម, ការតុបតែងលម្អ, បរិយាកាស, អនាម័យ ពិសេសគុណភាពនៃរសជាតិ»។
លោកបានបន្ថែមថា សម្រាប់សួនអាហារដ្ឋានបែបលម្ហែដែលបង្កើតឡើង ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park គឺផ្តោតសំខាន់លើការយកចិត្តទុកដាក់ ផ្នែកសុវត្ថិភាព, ផាសុកភាព, សោភ័ណភាព, អនាម័យ និងបរិយាកាសល្អគួរជាទីទាក់ទាញ ពិសេសផ្តល់ភាពងាយស្រួល ដល់បណ្តាអាជីវករទាំងអស់ជាដៃគូ។
លោក រតន៍ ទិត្យាមុន្នី ម្ចាស់ហាងអាហារដ្ឋានទឹកស៊ុប ដែលជួលទីតាំងក្នុងសួនអាហារបែបលម្ហែ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2BPark លើកឡើងថា ការធ្វើអាជីវកម្មផ្នែកចំណីអាហារ ការបង្កើតរសជាតិជារឿងសំខាន់ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ត្រូវមានកត្តាផ្សេងៗជាច្រើនទៀតចូលរួមដូចជា៖ សោភ័ណភាព, អនាម័យ, ការផ្តល់សេវាកម្មល្អ ជាមួយនឹងទីធ្លាចំណតដែលប្រកបដោយ សុវត្ថិភាពខ្ពស់ផងដែរ។
លោកបន្តថា «បន្ទាប់ពីទទួលបានភាពជោគជ័យលើអាជីវកម្ម ខ្ញុំបានសម្រេចចិត្តបង្កើតសាខាបន្ថែមទៀត ដោយជ្រើសយកទីតាំងទាក់ទាញ, ទំនើប, ស្អាត, ទាន់សម័យ ស័ក្តិសមនឹងប្រភេទអាជីវកម្មរបស់ខ្ញុំ»៕