(កណ្ដាល)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានលើកឡើងថា ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងក្លាយជាតំបន់ ដែលមានភាពរីកចម្រើន លើវិស័យអចលនទ្រព្យ ដោយតំបន់នេះត្រូវបានជ្រើសរើសជាតំបន់ ដែលត្រូវសាងសង់ព្រលានយន្ដហោះ។
លោកបណ្ឌិតអះអាងយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នាត្រូវដឹងថា ព្រលានយន្ដថ្មីនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល ជ្រើសរើសយកខេត្តកណ្ដាល ដើម្បីសាងសង។ ការជ្រើសខេត្តនេះគឺ ផ្ដោតសំខាន់លើទីតាំង ហើយអ្នកទាំងអស់គ្នាក៏ត្រូវដឹងដែរថា តំបន់ណាដែលមានព្រលានយន្ដហោះ តំបន់នេះជាតំបន់ដែលមានការអភិវឌ្ឍន៍ថ្មី ហើយទៅថ្ងៃក្រោយក្រុងតាខ្មៅ នឹងក្លាយជាតំបន់ ដែលរីកចម្រើនច្រើនជាងគេ លើវិស័យអចលនទ្រព្យ»។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាសដែលលោក ចូលរួមចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីប្រគល់សិទ្ធិលក់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់ រវាងលោកបណ្ឌិត និងលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង និងជាម្ចាស់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកបណ្ឌិត គីម ហ៊ាង ថ្លែងឲ្យដឹងថា ជាមួយភាពរីកចម្រើនៃ វិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ក្រុមហ៊ុន KW-កម្ពុជា ក៏នឹងគ្រោងបង្កើតអនុសាខាទី២ របស់KW-កម្ពុជា ក្នុងក្រុងតាខ្មៅនេះផងដែរ បន្ទាប់ពីអនុសាខាទី១ របស់ KW-កម្ពុជា ត្រូវបានបង្កើតឡើងក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកបណ្ឌិតបន្ដថា «ក្រុងតាខ្មៅនៅថ្ងៃអនាគតនឹងរីកចម្រើនខ្លាំង ហើយការចូលមកវិនិយោគក្នុងតំបន់នេះ ដើម្បីវិនិយោគឲ្យក្លាយខ្លួនជាអ្នកមាន»។
បន្ទាប់ពីមើលឃើញភាពរីកចម្រើន នៃវិស័យអចលនទ្រព្យក្នុងខេត្តនេះ បានធ្វើឲ្យមានការបង្កើតគម្រោងខុនដូ ផ្ទះលែ្វង, លំនៅដ្ឋានជាហូរហែរ។ ជាក់ស្ដែងគម្រោងលំនៅដ្ឋាន កំពង់សំណាញ់ ដែលបានចុះ MoU ប្រគល់សិទ្ធិលក់ផ្ដាច់មុខដល់ក្រុមហ៊ុន KW-កម្ពុជា បង្ហាញពីសក្ដានុពលក្នុងការវិវត្តន៍ខ្លួន ក្នុងក្រុងតាខ្មៅនេះ។
លោកបណ្ឌិត គីម ហ៊ាង ថ្លែងឲ្យដឹងថា សម្រាប់ក្រុមហ៊ុន KW-កម្ពុជា ជាក្រុមហ៊ុនដែលមានជំនាញមួយដ៏ខ្លាំង គឺជំនាញលក់។ សម្រាប់គម្រោងលំនៅដ្ឋានកំពង់សំណាញ់ ជាគម្រោងដែលឆ្លងកាត់ត្រឹមត្រូវតាមផ្លូវច្បាប់, ទីតាំងភូមិសាស្រ្ដល្អ, មានឯកសារប្លង់ដីត្រឹមត្រូវ, កេរ្ដិ៍ឈ្មោះរបស់ម្ចាស់គម្រោង និងជាអ្នកមានបទពិសោធន៍ ក្នុងការសាងសង់ផងដែរ។ ដូច្នេះការសហការគ្នាលក់គម្រោងនេះ នឹងលក់បានល្អប្រសើរ។
លោកឧកញ៉ា សុខ ស្រស់ ឲ្យដឹងថា ដោយឡែកសម្រាប់ការចុះ MoU ថ្ងៃនេះផ្ដោតសំខាន់ លើការប្រគល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន KW-កម្ពុជា ក្នុងការលក់គម្រោងខុនដូ។ លោកឧកញ៉ាបញ្ជាក់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំលើក្រុមហ៊ុន KW-កម្ពុជា ក្នុងការលក់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់នេះអស់យ៉ាងឆាប់រហ័សបំផុត»។
លោកឧកញ៉ា សុខ ស្រស់ ថ្លែងឲ្យដឹងថា សម្រាប់គម្រោងលំនៅដ្ឋានកំពង់សំណាញ់ ជាលំនៅដ្ឋានដែលមានទីតាំងល្អប្រសើរ ផ្ដល់ជូនការបង់រំលោះរយៈពេល១៥ឆ្នាំ, ទីតាំងផ្ទះមានសំយ៉ាបមុខ, មានផ្លូវបេតុ៨ម៉ែត្រព័ទ្ធជុំវិញ មានប្រព័ន្ធលូ, ទឹកភ្លើងរបស់រដ្ឋ និងកាត់ប្លង់រឹងជូនដល់អតិថិជនភ្លាមៗផងដែរ៕