Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនត្រូវចោទលើករណី «រួមគំនិតក្បត់» ក្នុងរដ្ឋប្រហារ៩វិច្ឆិកា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នអស់ហើយ

18-11-2019 16:36

(ភ្នំពេញ)៖ គិតរហូតដល់ពេលនេះ ជនត្រូវចោទក្នុងបទល្មើស «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ប្រមាណជាង ៧០នាក់ ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នអស់ហើយ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការដោះលែងឱ្យនៅក្រៅឃុំនេះ ជាគោលការណ៍ច្បាប់ ត្រូវបានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ដូចជា មិនត្រូវចេញទៅក្រៅប្រទេស មិនត្រូវប្រព្រឹត្តល្មើសនឹងច្បាប់ និងត្រូវបង្ហាញខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចជាដើម។

យុទ្ធនាការដោះលែងជនត្រូវចោទពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនេះ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមាន ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ជនត្រូវចោទទាំងអស់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានចូលរួមអនុវត្ត ក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំទណ្ឌិត សម រង្ស៉ី ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះជាយ៉ាងនេះក្តី ផែនការរដ្ឋប្រហារនេះ បានបរាជ័យដោយអាម៉ាស់បំផុត បន្ទាប់ពី លោក សម រង្ស៉ី មិនត្រឡប់មកប្រទេសកម្ពុជា ដូចការសន្យារបស់លោក ហើយប្រកាសពន្យារពេលដោយគ្មានការកំណត់៕