(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ បានអនុញ្ញាតឲ្យលោក ទូ ជាហោវ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ខណៈលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនេះលោក ទូ ជាហោវ បានជម្រាបជូនសម្តេចថា លោកបានទៅពិនិត្យមើល អ្នកវិនិយោគខេត្តហ៊ូណាន ដែលកំពុងវិនិយោគ នៅខេត្តសៀមរាប និងបាត់ដំបង ព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្សប្រជាជន នៅទីនោះផងដែរ។
លោកបន្តថា ប្រទេសចិន និងប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ និងប្រជាជនកម្ពុជាជាមិត្តល្អ ជាមិត្តដែកថែប។
លោកបន្តទៀតថា ទស្សនកិច្ចរបស់នេះ, លោកមានចិត្តសប្បាយរីករាយ ដែលបានឃើញថាប្រជាជនកម្ពុជា រស់នៅដោយសុខសន្តិភាព មានជីវភាពល្អ ដែលបង្ហាញពីទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា បានដើរលើមាគ៌ាត្រឹមត្រូវ ព្រោះក្នុងឱកាសជួបសំណេះសំណាល ជាមួយនឹងអ្នកដឹកនាំ នៅតាមខេត្តសៀមរាប និងបាត់ដំបង លោកបានមើលឃើញ ពីការដែលថ្នាក់ដឹកនាំ និងប្រជាជននៅតំបន់នោះ សម្ដែងនូវជំនឿខ្ពស់ ទៅលើការដឹកនាំ របស់គណបក្សប្រជាជន។
ក្នុងនោះផងដែរ លោកបានបញ្ជាក់ថា ខេត្តហ៊ូណាន ស្វាគមន៍ចំពោះទំនិញរបស់កម្ពុជា នាំទៅប្រទេសចិន ពិសេសម្ហូបអាហារ និងផ្លែឈើរបស់កម្ពុជា។ ខេត្តហ៊ូណាន នឹងបន្តឲ្យជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ព្រមទាំងបន្តជួយគាំទ្រ ដល់ប្រទេសកម្ពុជាថែមទៀត។
លោកក៏បានគោរព អញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅខេត្តហ៊ូណាន បើសិនជាសម្ដេចអញ្ជើញទៅបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នាពេលក្រោយ។
ជាការឆ្លើយតប សម្ដេចតេជោបានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជន បានខិតខំធ្វើការច្រើន ដោយសារតែកម្ពុជា មានគណបក្សនយោបាយច្រើនខុសពីប្រទេសចិន ដែលមានគណបក្សនយោបាយតែមួយ។
សម្តេចក៏បានបង្ហាញថា គណបក្សប្រជាជន បានយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យសមាជិករបស់គណបក្ស មានទំនុកចិត្តនៅលើការដឹកនាំរបស់បក្ស ប្រែក្លាយ សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក ដែលនេះជាមូលដ្ឋានជោគជ័យ របស់គណបក្ស។
ក្នុងនោះដែរ សម្ដេចបានទទួលយក ការអញ្ជើញរបស់លោក ទូ ជាហោវ ដើម្បីទៅធ្វើទស្សនកិច្ច នៅខេត្តហ៊ូណាន នាពេលសមស្របខាងមុខ។
សម្តេចក៏បានសម្ដែងនូវអំណរគុណ ដែលចិនបានចាត់ទុកប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាមិត្តដែកថែប ហើយប្រទេសទាំងពីរ មានឆន្ទៈកសាងទំនាក់ទំនងរឹងមាំថែមទៀត ដូចដែកថែប៕