(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បានខិតខំអនុវត្តនូវកម្មវិធីនយោបាយ តាមរយៈការដាក់ចេញនូវ ផែនការយុទ្ធសាស្រ្តសម្រាប់ វិស័យសង្គមកិច្ច ក្នុងនោះការលើកកម្ពស់សុខុមាលភាពកុមារ ជនរងគ្រោះ និងជនងាយគ្រោះ ដែលជាចំណុចអាទិភាព ដោយផ្អែកលើ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងសេវាថែទាំកុមារនៅក្នុងគ្រួសារ កាន់តែមានប្រសិទ្ធភាព ដើម្បីឧត្តមប្រយោជន៍របស់កុមារ។
នេះជាការលើកឡើងរបស់លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាស្តីពី «ការទុកដាក់កុមារនៅក្នុងគ្រួសារ» ដែលរៀបចំធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សិក្ខាសាលា ស្តីពីការទុកដាក់សីពីការទុកដាក់កុមារ នៅក្នុងគ្រួសារចិញ្ចឹមដីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម បានសហការជាមួយ អង្គការ Care for Children បានខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ ជាជាងយកកុមារដាក់ក្នុងមណ្ឌលថែទាំ។
សិក្ខាសាលានេះ ក៏ដើម្បីស្វែងយល់ពីបទពិសោធន៍ ក្នុងការទុកដាក់ និងការថែទាំកុមារ នៅក្នុងគ្រួសារចិញ្ចឹម ពីប្រទេសដទៃ ព្រមទាំងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាសេវា នៃការថែទាំកុមារនៅក្នុងគ្រួសារ កាន់តែមានប្រសិទ្ធភាព ដើម្បីឧត្តមប្រយោជន៍ របស់កុមារ។
លោកស្រី ខៀវ បូរី បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សច្ចាប័ន លើអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តម ប្រយោជន៍របស់កុមារ ដែលមានលក្ខណៈស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋាន ទាំង៤របស់កុមារគឺ៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួមជាដើម។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយស្របតាម ដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ព្រមទាំងបាន និងកំពុងរៀបចំស្ថាប័នគ្រប់គ្រងឡើងវិញ ឲ្យស្របនឹងការវិវឌ្ឍជាក់ស្តែងរបស់កម្ពុជា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តគម្រោងស្បៀងបម្រុងកម្មវិធីផ្តល់អាហារតាមសាលារៀន កម្មវិធីអាហារូបករណ៍ និងកម្មវិធីឧបត្ថម្ភ
សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រជាដើម។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចំណាយពេលវេលា ចុះសួរសុខទុក្ខ កុមារកំព្រាក្រីក្រ រងគ្រោះ និងងាយរងគ្រោះ នៅតាមគ្រួសារ សហគមន៍ និងកន្លែងថែទាំជាប្រចាំផងដែរ។
លោកស្រី ខៀវ បូរី បានបន្ថែមថា ជាថ្មីម្តងទៀត តាងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី បានប្រកាស គាំទ្រកម្មវិធីនៃការទុកដាក់កុមារ នៅក្នុងគ្រួសារចិញ្ចឹម ការពង្រឹងសមត្ថភាព ផ្នែកគាំទ្រគ្រួសារ និងការអនុវត្តការថែទាំជំនួស ចំពោះកុមារតាមសហគមន៍ សំដៅធ្វើឱ្យកុមារទទួលបានសិទ្ធិពេញលេញ របស់ពួកគេ ជៀសផុតពីបញ្ហាគ្រឿងញៀន ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗទៀត៕