(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភា បានបើកសិក្ខាសាលាមួយ ដើម្បីជំរុញ និងលើកម្ពស់យុវនារីវ័យក្មេង ឱ្យក្លាយទៅជាអ្នកដឹកនាំ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ កាន់តែច្រើន ទៅថ្ងៃខាងមុខ។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានបញ្ជាក់ថា ចំណុចសំខាន់នៃយុទ្ធនាការនេះ គឺលើកម្ពស់ការផ្សព្វផ្សាយឱ្យ បានទូលំទូលាយ ទៅតាមបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានឱ្យមានលក្ខខណៈទូលំទូលាយ ដល់ក្មេងស្រីលើសកលលោក សំដៅបណ្តុះគំនិតក្មេងស្ត្រីទាំងនោះ ឱ្យមានក្តីសុបិន្ត ហ៊ាន សុខចិត្ត និងយកគម្រូតាម អ្នកនយោបាយជាស្ត្រីនៅលើកពិភពលោក តាមរយៈការណែនាំអំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួនរបស់អ្នកនយោបាយស្ត្រី។
លោកស្រីបន្តថា គោលបំណងកម្មវិធីនេះ គឺផ្តល់ឱកាសដល់ស្ត្រីវ័យក្មេង នៅក្នុងប្រទេសកម្ពុជាអាចចូលរួមស្តាប់ពីការចែករំលែកពិសោធន៍ផ្ទាល់ខ្លួន នៃជំហានដំបូងក្នុងការចាប់ផ្តើមចូលរួមវិស័យនយោបាយ និងតួនាទីភាពជាអ្នកដឹកនាំ របស់សមាជិកសភាស្ត្រីរបស់កម្ពុជា។ ស្វែងយល់ពីទស្សនៈ និងការយល់ឃើញរបស់ក្មេងស្រីលើការងារនយោបាយ ដែលជាសមាជិកសភា ក្នុងការអនុវត្តគោលនយោបាយ និងច្បាប់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី។
ចំណែកលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្ត្រី បានលើកឡើងថា យុទ្ធនាការថ្ងៃនេះ ដើម្បីបង្ហាញដល់ស្ត្រីវ័យក្មេងដែល បានចូលរួមឱ្យមានភាពក្លាហានក្នុងដឹកចូលរួមបញ្ហាសង្គម និងនយោបាយ។ ពិសេសនោះ ដើម្បីឱ្យគាត់បានយល់ដឹងពីភាពអ្នកដឹកនាំ ក្នុងនោះមានដឹកនាំភូមិ ឃុំ សង្កាត់ សហគមន៍ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបញ្ជាក់ថាបញ្ជាក់ថា៖ «យុទ្ធនាការថ្ងៃនេះ គឺដើម្បីឱ្យក្មេងជាស្ត្រីចាប់ផ្តើមបាន យល់តើភាពជាអ្នកដឹកនាំបែបណា? និយាយពីអ្នកដឹកនាំប្រធានក្រុមឡើងទៅ ដោយកុំចាំ តែធ្វើជាធ្វើជាថ្នាក់ដឹកនាំស្ថាប័ន ក្រសួង រដ្ឋាភិបាល បានហៅអ្នកដឹកនាំនោះ»។
លោកស្រីបន្ថែមថា ក្មេងស្ត្រីដែលចូលរួមក្នុងវេទិការថ្ងៃនេះ ប្រៀបដូចជាក្រដាសសស្អាតមួយ ដែលមិនទាន់សរសេរ ឬគូសវាសឬយកពណ៌អ្វីទៅប៉ះពាល់។ អ្នកដែលចូលរួមថ្ងៃនេះ ដើម្បីមកស្តាប់ពីថ្នាក់ដឹកនាំជាស្ត្រី ហើយធ្វើការផ្សព្វផ្សាយដល់មិត្តភ័ក្ត ពីអ្វីដែលហៅថាថ្នាក់ដឹកនាំ។
លោកស្រី បានលើកឡើងទៀតថា ស្ត្រីឥឡូវមានឱកាសច្រើនណាស់ ឬហៅថាជាឱកាសមាសក្នុងការចូលរួមនយោបាយ ពិសេសនោះដោយសាររាជរដ្ឋាភិបាលមានគោល នយោបាយជាតិ ស្តីពីស្ត្រី ផងដែរ។
លោកស្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបើកឱកាសដល់ស្ត្រីចូលរួមបានរៀនសូត្រខ្ពង់ខ្ពស់ដូចជាបុរស។ ដូច្នេះវិស័យអប់រំ គឺជាវិស័យអាទិភាពបំផុត ដើម្បីចូលរួមជំរុញដល់ស្ត្រី។ ជាក់ស្តែងបើស្ត្រីគ្មានចំណេះដឹងគេអស់ជំនឿជាដើម។
លោកស្រីអនុប្រធានទី២រដ្ឋសភា ក៏បានលើកឡើងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិ បាលធ្វើយ៉ាងណាបន្តលើកកម្ពស់ឋានៈ តួនាទីរបស់ស្ត្រីតាមការការបញ្ជ្រាបយេនឌ័រ ដោយស្ត្រី និងបុរសមានសិទ្ធិដូចគ្នា មានឱកាសដូចគ្នា និងមានកាតព្វកិច្ចដូចគ្នា។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាស្រីវ័យក្មេងមកបណ្តាសាលាប្រមាណជា១០ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន៕