(ភ្នំពេញ)៖ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

ព្រះប្រវត្តិសង្ខេប៖

ព្រះនាមពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី
ព្រះនាមដើម៖ នរោត្ដម បុប្ផាទេវី
គោរមងារ៖ ទេពនាថវដ្តីឯក
ព្រះឋានៈ៖ ព្រះរាជបុត្រី
ប្រសូត៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣
ព្រះបិតា៖ នរោត្ដម សីហនុ
ព្រះមាតា៖ ផាត់ កាញ៉ុល

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះរៀមមាតាទីទៃ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃសម្ដេចព្រះរៀម បុប្ផាទីវី ទ្រង់មានព្រះជន្ម៧៧ព្រះវស្សាហើយ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូតនៅមហាប្រាសាទ ខេមរិន្ទ្រ នៃព្រះបរមរាជវាំង ក្រុងចតុម្មុខមង្គល នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះបិតា គឺព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតា គឺអ្នកម្នាង ផាត់ កាញ៉ុល។

កាលនៅវ័យកុមារភាព ទ្រង់បានហាត់រៀនរបាំព្រះរាជទ្រព្យ ផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ (ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍៦០។

ការសិក្សា៖

សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ទ្រង់បានចូលសិក្សានៅ៖ សាលាបឋមសិក្សា ព្រះនរោត្ដម រាជធានីភ្នំពេញ

ព្រះកិច្ច៖

* ១៩៦៥-១៩៧០៖ សាស្ត្រាចារ្យរបាំបុរាណ និងវប្បធម៌
*១៩៩១-១៩៩៣៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៨៖ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
*១៩៩៣-១៩៩៧៖ អនុប្រធានកាកបាទក្រហមជាតិកម្ពុជា
* ១៩៩៩-២០០៤៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
* ២០០៤-បច្ចុប្បន្ន៖ ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងសមាជិកក្រុមប្រឹក្សារដ្ឋធនុញ្ញ។

ព្រះយស៖

* ព្រះអង្គបានតម្លើងគោរមងារ «សម្ដេចរាជបុត្រីព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤។
* ព្រះអង្គបានទទួលតំណែងជា «ទេព នាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា (មករា ២០១៣)

គ្រឿងរាជឥស្សរិយយស៖

* ១៥ មីនា ២០០៦៖ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
* ២២ តុលា ២០០១៖ គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា
* ១៦ ឧសភា ២០០១៖ គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ៕