(ភ្នំពេញ)៖ លោក ទូ ជាហោវ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ក្នុងខេត្តហួណាន បានប្រកាសស្វាគមន៍ទំនិញរបស់កម្ពុជាសម្រាប់ខេត្តហួណាន ជាពិសេសផលិតផលម្ហូបអាហារ និងផ្លែឈើ។
ការប្រកាសស្វាគមន៍ទំនិញរបស់កម្ពុជាពីសំណាក់លោក ទូ ជាហោវ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
យោងតាមការបញ្ជាក់របស់លោក ស្រ៉ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ទូ ជាហោវ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើបញ្ហាជាច្រើនពាក់ព័ន្ធទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិននិយាយជារួម ក៏ដូចជារវាងកម្ពុជា និងខេត្តហួណាន និយាយដោយឡែក។
លោក ទូ ជាហោវ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកបានទៅពិនិត្យមើលការវិនិយោគរបស់អ្នកវិនិយោគខេត្តហួណាន ដែលកំពុងវិនិយោគនៅខេត្តសៀមរាប និងបាត់ដំបង ហើយព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្សប្រជាជននៅទីនោះផងដែរ។
លោក ទូ ជាហោវ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជាមិត្តល្អ ជាមិត្តដែកថែបរបស់ចិន។ លោកបានបន្ថែមថា មានចិត្តសប្បាយរីករាយ ដែលបានឃើញប្រជាជនកម្ពុជារស់នៅដោយសុខសន្តិភាព មានជីវភាពល្អ ដែលនេះបង្ហាញពីទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិននៅក្នុងខេត្តហួណានរូបនេះ បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានដើរលើមាគ៌ាត្រឹមត្រូវ ព្រោះក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកដឹកនាំនៅតាមខេត្តសៀមរាប និងបាត់ដំបង លោកបានមើលឃើញថា ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តទាំងពីរនេះ សម្ដែងជំនឿចិត្តខ្ពស់ទៅលើការដឹកនាំរបស់គណបក្សប្រជាជន។
តបទៅនឹងអ្វីដែលលោក ទូ ជាហោវ បានលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវការរបៀបដឹកនាំមួយចំនួន ដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿចិត្តលើគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជន បានខិតខំធ្វើការច្រើន ដោយសារតែកម្ពុជា មានគណបក្សនយោបាយច្រើន ខុសពីប្រទេសចិន ដែលមានគណបក្សនយោបាយតែមួយ។ សម្តេចតេជោ ក៏បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យសមាជិករបស់បក្សមានទំនុកចិត្តលើការដឹកនាំរបស់បក្សប្រែក្លាយសមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក ដែលនេះជាមូលដ្ឋានជោគជ័យរបស់គណបក្ស។
នៅក្នុងជំនួបនេះ លោក ទូ ជាហោវ ក៏បានបញ្ជាក់ដែរថា ខេត្តហួណាន ស្វាគមន៍ចំពោះទំនិញរបស់កម្ពុជា នាំទៅប្រទេសចិន ពិសេសម្ហូបអាហារ និងផ្លែឈើរបស់កម្ពុជា។ ខេត្តហួណាន ក៏នឹងបន្តឱ្យជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ព្រមទាំងបន្តជួយគាំទ្រដល់ប្រទេសកម្ពុជាថែមទៀត។
លោក ទូ ជាហោវ ក៏បានគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅខេត្តហួណាន បើសិនជាសម្ដេចអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាពេលក្រោយ។
សម្ដេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់លោក ទូ ជាហោវ ទៅធ្វើទស្សនកិច្ចនៅខេត្តហួណាន នាពេលសមស្របខាងមុខ។ សម្តេចតេជោ ក៏បានសម្ដែងនូវអំណរគុណ ដែលចិនបានចាត់ទុកប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាមិត្តដែកថែប ហើយប្រទេសទាំងពីរ មានឆន្ទៈកសាងទំនាក់ទំនងរឹងមាំថែមទៀត ដូចដែកថែប៕