(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលផ្តល់ដោយសហគមន៍អឺរ៉ុប ក៏កម្ពុជាមិនបានពិបាករហូតដល់លានអណ្តាតនោះឡើយ ហើយប្រាក់បៀវត្សមន្រ្តីរាជការខ្មែរ ក៏មិនបានមកពី EBA នោះដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកខ្លះគេថា ឱ ! តិចទៀតលៀនអណ្តាតហើយ ឱ្យតែគេកាត់ EBA ស្អីលានអណ្តាត ព្រោះនេះអត់មានយកពី EBA មកទេ អត់មានយកពីអានាំចេញនាំចូលសំលៀកបំពាក់ស្អីហ្នឹងទេ ចំណូលពន្ធគយរបស់យើង បានមកពីការនាំចូល»។
សម្តេចបានបន្តថា ក្នុងចំណោមចំណូលពីការនាំចូលទាំងនោះ កន្លងទៅមានជាង៣០ភាគរយ បានមកពីរថយន្ត និងម៉ូតូ ជាង៣០ភាគរយបានមកពីប្រេងឥន្ធនៈ និង៣០ភាគរយបានមកពីទំនិញចម្រុះ ប៉ុន្តែឆ្នាំនេះចំឡែកបំផុត ដែលចំណូល៥២ភាគរយបានពីការនាំចូលឡាន និងម៉ូតូ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរកាន់តែមានជីវភាពល្អប្រសើរ អាចទិញរថយន្ត និងម៉ូតូបាន៕