(កំពង់ស្ពឺ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្ទេរសម្រួលភារកិច្ច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ, លោក ស៊ូ សុន្ធរ៉ា ត្រូវបានផ្ទេរភារកិច្ចមកកាន់ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសលោក ហុង សុខា ដែលត្រូវទៅកាន់មុខតំណែងថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ូ សុន្ធរ៉ា បានឡើងប្តេជ្ញាចិត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទាំងជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីររអង្គភាពនានាជុំវិញខេត្ត ក្រុង/ស្រុក មន្ត្រីនៃមន្ទីរក្រោមឱវាទ ដឹកនាំមន្ទីរដោយផ្អែកលើគោលកាណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងធ្វើជាគំរូល្អៗសម្រាប់មន្ទីរដើម្បីប្រសិទ្ធភាពការងារ ហើយខិតខំយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាការពង្រឹងយន្ដការសាងសង់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសផងដែរ។
លោក តូច ចាន់កុសល បានឱ្យដឹងថា ការផ្លាស់ប្តូរភារកិច្ចពីប្រធានមន្ទីរទៅបម្រើការនៅក្រសួង គឺជាយន្តការល្អប្រសើរ ដោយអតីតជាប្រធានមន្ទីរបានដឹងពីផលលំបាកជាច្រើន ក្នុងពេលរូបគេជាប្រធានកន្លងមក។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា លោកប្រធានមន្ទីរថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូរអភិវឌ្ឍជាតិ អន្តរជាតិ សហគមន៍ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសផ្ដល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ កុំប៉ះពាល់ផលប្រយជន៍ប្រជាពលរដ្ឋ ត្រូវបង្កើនសមត្ថភាព និងទទួលខុសត្រូវរបស់មន្រ្តីក្រោមឱវាទ ឲ្យបំពេញកាងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ត្រូវខិតខំរួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ប្រកាន់បក្ខពួកគ្រួសារនិយមនោះឡើយ ត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ បក្ខពួក និងគ្រួសារនិយមឱ្យបានផងដែរ៕