(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា អំបុកចំនួន២២៣តោន ត្រូវបានបរិភោគ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ ក៏ប៉ុន្តែមិនទាន់បានរាប់បញ្ចូលការហូបចុកជុំគ្នានៅតាមគេហដ្ឋាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស នៅឡើយនោះទេ។
ការហូបអំបុកដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋខ្មែរ មន្ត្រីនៅតាមក្រសួង ស្ថានប័នរដ្ឋ ឯកជន និងនៅតាមទីវត្តអារាមយ៉ាងច្រើន មិនធ្លាប់មានបែបនេះ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស សរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេ បានបញ្ចប់ការសិក្សា ដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់ជាងគេ គឺសន្តិភាពដែលយើងបានរក្សារួមគ្នា ហើយខ្ញុំក៏សូមជូនជាព័ត៌មានដែល ថ្ងៃ០៩ កន្លងទៅ ស្ថិតិដែលយើងបានទទួលពីកន្លែងគោលដៅធំៗ ចំណាយអំបុកអស់២២៣តោន អាហ្នឹងគិតតែពីកន្លែង ដែលគេហៅថា ការជួបជុំប្រមូលផ្តុំ មិនទាន់គិតទទួលទានតាមផ្ទះ ប៉ុន្តែគិតតែកន្លែងដែលរៀបចំជួបជុំគ្នាទទួលទានអំបុក សរុបជាង២២៣តោន»។
អញ្ចឹងតើត្រូវគិតអស់ទឹកដូងប៉ុន្មាន? អស់ចេកប៉ុន្មាន? ស្ករផែនប៉ុន្មាន? ដែលធ្វើឱ្យទីផ្សារអំបុកខ្មែរឡើងថ្លៃ ហើយក្រោមបាវវចនា «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ» នេះជាការបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះព្រឹត្តិការណ៍ហូបអំបុកខ្មែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដែលអាចធ្វើឱ្យអ្នកមានអាជីពជាអ្នកលក់អំបុក ទទួលបានប្រាក់ចំណេញក្នុងជីវកម្មរបស់ខ្លួន បានមួយចំណែកផងដែរ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ហូបអំបុកកន្លងទៅ បានបង្ហាញពីស្មារតីរួមគ្នា និងការសាមគ្គីជាធ្លុងមួយ របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវដឹងថា បើគ្មានសន្តិភាព កុំសង្ឃឹមទទួលបានអ្វីផ្សេងក្រៅពីការសម្លាប់ព្រាត់ប្រាស់ប្រពន្ធ កូន ក្រុមគ្រួសារ និងរងរបួសខ្លោចផ្សារ ដោយសារតែប្រទេសមិនមានសន្តិភាព និងបែកបាក់ផ្ទៃក្នុង។
នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលកម្ពុជារកបាន ដោយលំបាក ហើយមិនអាចឱ្យបុគ្គល ឬក្រុមណាមួយមកបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងការរីកចម្រើននៅលើគ្រប់វិស័យ ដូច្នេះពេលបច្ចុប្បន្ននេះ បានជាដាច់ខាត ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយមកបំផ្លាញសន្តិភាព បាននោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា អតីតកាលឈឺចាប់របស់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ គឺជាមេរៀនផ្តល់ឱ្យយើងគ្រប់ៗ ឈឺចាប់ស្អែកឆ្អន់ហើយ ដូច្នេះ កាលមិនចុះសម្រុងគ្នាខាងនយោបាយណាមួយ វានឹងធ្វើឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយណាមួយជាក់ ជាមិនខាន។ ដូច្នេះ ការជួបជុំសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ នៅថ្ងៃបុណ្យព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នាពេលកន្លងទៅនេះ ពិតជាភាពល្អប្រសើរ ដែលសាកសមជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ៕