(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ជូនជនរួមជាតិខ្មែរថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងបូមបាននៅក្នុងឆ្នាំ២០២០ខាងមុខនេះ តែចំពោះថ្ងៃខែពិតប្រាកដនោះ សម្តេចនឹងប្រកាសជូននៅពេលក្រោយ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយចំពោះ ការប្រកាសអំពីការបូមប្រេងលើកដំបូងកាលពីឆ្នាំ២០១២ផងដែរ ក៏ព្រោះតែពេលនោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគ បានរាយការណ៍ជូនរាជរដ្ឋាភិបាល អំពីលទ្ធភាពអាចបូមប្រេងបាន ប៉ុន្តែមិនអាចដំណើរតាមផែនការ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនទាន់ប្រកាស់នូវកាលបរិច្ឆេទពិតប្រាកដនៃដំណក់ប្រេងលើកដំបូងទេ ព្រោះខ្ញុំមិនចង់ឲ្យមានកំហុសដូចកាលពីឆ្នាំ២០១២ ដែលពេលនោះខាងក្រុមហ៊ុន [Chevron] បានប្រាប់មកយើងថា ដំណក់ប្រេងដំបូងនឹងចេញនៅពេលណា។ ឥឡូវដំណក់ប្រេងរបស់យើងនឹងចេញក្នុងឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ខ្ញុំនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីការធ្វើការងារជាមួយក្រុមហ៊ុន [KrisEnergy] ដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូបប្រេងដំបូងរបស់យើង»។
ពាក់ព័ន្ធបញ្ហាប្រេងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការចរចាជាមួយភាគីថៃ លើតំបន់ត្រួតស៊ីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងតំបន់នោះ។ សម្តេចថ្លែងទៀតថា ប្រេងកាត់នៅកម្ពុជាមិនមែនមានតែក្នុងសមុទ្រនោះទេ នៅលើដីគោករបស់កម្ពុជាក៏មានប្រេងកាតដែរ សូម្បីតែខេត្តស្វាយរៀង។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅពេលទទួលបានចំណូលពីធនធានធម្មជាតិ ដូចជាប្រេងកាតជាដើមនោះ គោលដៅធំរបស់រាជរដ្ឋាភិបាល គឺយកទៅចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង [ផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី...] និងទាំងទន់ [ធនធានមនុស្ស ក្នុងវិស័យអប់រំ និងសុខាភិបាល]។
សូមជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក (A) របស់កម្ពុជា បានអះអាងថា ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ។
បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមហ៊ុន KrisEnergy បានលើកឡើងយ៉ាងដូច្នេះថា «ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ»។
ពាក់ព័ន្ធចំណូលពីប្រេងកាត ក្នុងប្លុក A អណ្តូងអប្សរា លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «យើងរំពឹងថា ប្រសិនបើប្រេងស្ថិតក្នុងតម្លៃ៨០ដុល្លារក្នុង១ប៉ារែល ហើយក្នុងរយៈពេលអភិវឌ្ឍន៍គម្រោងប្លុក A ៩ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានចំណូលប្រហាក់ប្រហែល៩០០លានដុល្លារ»។
រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានលើកឡើងថា កម្ពុជាបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ៕