(បាត់ដំបង)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកម្មវិធី ចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយ ជូនជនពិការជិត២ពាន់នាក់ រស់នៅខេត្តបាត់ដំបង។
ក្នុងពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយចំពោះបងប្អូនជនពិការក្រីក្រក្នុងខេត្តបាត់ដំបង ធ្វើឡើងដោយមានការអញ្ជើញពីលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច និងលោកស្រី ជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មន្ត្រីសង្គមកិច្ច ភាគីពាក់ព័ន្ធ និងបងប្អូនជនពិការ។
ថ្លែងនៅក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ជាក់ស្តែងនៅក្នុងថ្ងៃនេះផងដែរយើងបានរៀបចំពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់របបឧបត្ថមជូនជនពិការចំនួន ១,៤៧២នាក់ នៅក្នុងស្រុកថ្មគោល នាឱកាស់នេះ។
ពិតណាស់ ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនពិការនៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្ត ទុកដាក់ ដោះស្រាយ បញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។
បន្ថែមពីលើនេះ លោក ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំ ចំណតយានយន្តសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ភ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ។
ជាមួយគ្នានោះ លោក ញ៉ឹក វណ្ណារ៉ា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនការងារលើវិស័យពិការភាព ឲ្យដំណើរការល្អបន្ថែមទៀតរួមមាន៖
*ទី១ ៖ បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្សំផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រនៅតាមសហគមន៍
*ទី២ ៖ សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅសហគមន៍ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយ
ស្រលកំណត់ជនពិការទូទៅ ជាពិសេសជនពិការក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ
*ទី៣ ៖ បន្តសហការជាមួយមន្ទីរសុខាភិបាល ក្នុងការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនពិការដែលត្រូវការបញ្ជាក់ ដើម្បីទទួលបានផលប្រយោជន៍ និងសេវានានា
*ទី៤ ៖ ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនពិការចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជន
*ទី៥ ៖ រដ្ឋបាលសិទ្ធិជនពិការខេត្តកបាត់ដំបង ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនពិការឱ្យចូលបម្រើការងារដោយអនុលោមតាមច្បាប់ និង
លិខិតបទដ្ឋានគតិយុត្តនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន
*ទី៦ ៖ រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនពិការ ក្នុងនោះមានការទទួលបណ្តឹងតវ៉ា និងដោះស្រាយសំណូមពររបស់ជនពិការ
ទី៧ ៖ បន្តជំរុញការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តួចផ្តើមមុខរបបនិងផ្លូវផ្គងការងារជូនជនពិការគ្រប់ប្រភេទ។
គួរបញ្ជាក់ថា ការរអនុវត្តគោលនយោបាយ ខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មក ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោល
នយោបាយជូនជនពិការក្រីក្របានចំនួន ១១.៦២៨នាក់ ក្នុងនោះ៖
១- ខេត្តត្បូងឃ្មុំ ចំនួន ២.០០៩ នាក់
២- ខេត្តព្រៃវែង ចំនួន ១.៦៣៥ នាក់
៣- ខេត្តស្វាយរៀង ចំនួន ១.៦៩៨ នាក់
៤- ខេត្តប៉ៃលិន ចំនួន ១.៣១២ នាក់
៥- ខេត្តកំពង់ចាម ចំនួន ៦៣៤ នាក់
៦- ខេត្តកណ្ដាល ចំនួន ១.៦៥៣ នាក់
៧- ខេត្តកំពង់ធំ ចំនួន ៣១៣ នាក់
៨- ខេត្តកំពង់ស្ពឺ ចំនួន ៤២២ នាក់
៩- ខេត្តបាត់ដំបង ចំនួន ១.៤៧២ នាក់
១០- ខេត្តពោធិ៍សាត់ ចំនួន ៤៨០ នាក់។
ជាមួយគ្នានេះ ក្រសួងបាននិងកំពុងពិនិត្យក្នុងការផ្តល់របបគោល នយោបាយនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស
សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជនពិការក្រីក្រ អាចទទួលរបបតាមគោលការណ៍កំណត់៕