(បាត់ដំបង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី បានណែនាំទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ មិនត្រូវបង្វែរការអភិវឌ្ឍណាមួយខុសពីគោលការណ៍ នៃគម្រោងខាងដើម ដោយគ្មានការអនុញ្ញាតដើម្បីបម្រើផលប្រយោជន៍ និងបក្ខពួកខ្លួននោះទេ។
ការណែនាំនេះថ្លែងចេញពីលោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការរៀបចំដែនដីខេត្តបាត់ដំបង សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាពនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ប៊ិន សម្បត្តិថារ័ត្ន បានបញ្ជាក់ថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការរួចរាល់ហើយ ក្នុងការរៀបចំដែនដីខេត្តបាត់ដំបង ដែលមានលក្ខណៈជាត្រីវិស័យ ជាការតម្រង់ទិសអភិវឌ្ឍន៍ ដូច្នេះអាជ្ញាធរខេត្ត មន្ត្រីជំនាញត្រូវប្ដេជ្ញាចិត្តអនុវត្តន៍ និងគោរពឲ្យបាននូវផែនការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាពនេះ»។
លោកបានបន្ថែមថា «ពេលបានប្លង់ផែនការជាត្រីវិស័យនេះហើយ ត្រូវនាំគ្នាគោរពឲ្យបានល្អប្រសើរទាំងអស់គ្នា ចៀសវាងការបង្វែរទិសដៅ ចៀសវាងការកែប្រែណាមួយដោយគ្មានការអនុញ្ញាត»។
លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ក៏បានជំរុញទៅអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើការរំដោះចិញ្ចើមផ្លូវ ដែលមានកន្លែងខ្លះ នៅតែមានការរំលោភបំពានយកធ្វើអាជីវកម្ម ឬសាងសង់សំណង់អ្វីមួយរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបានបន្ថែមថា «ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើង អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យ និងទប់ស្កាត់ឲ្យបាន ព្រោះវាជាបញ្ហាពិបាកដោះស្រាយខ្លាំងណាស់ នៅពេលការរំលោភបំពាននេះ កើតឡើងយូរហើយ តែអាជ្ញាធរមិនបានរារាំងតាំងពីដំបូង ដូច្នេះត្រូវតែនាំគ្នាមានការដោះស្រាយ ដើម្បីយកដីនោះមកអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយចីរភាព»៕