(រតនគិរី)៖ ក្រោយទទួលព័ត៌មានទីតាំងបើកល្បែងស៊ីសងដូចជា ល្បែងជល់មាន់ អាប៉ោង និងយូគីបើកលេងក្នុងចំការកៅស៊ូលោក ពៅ សៀក ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុងនោះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានបញ្ជាឲ្យចុះបង្ក្រាប និងបិទជាស្ថាពរ។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រោយទទួលព័ត៌មានមានទីតាំងខាងលើបើកល្បែងស៊ីសងរួចមក លោក ថង សាវុន អភិបាលខេត្ត បានបញ្ជាឲ្យបិទជាបន្ទាន់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ហើយថា នឹងមិនអនុញ្ញាតឲ្យជនណាម្នាក់បើកល្បែងស៊ីសងលួចលាក់ខុសច្បាប់នោះទេ។ លោកថា ឲ្យតែទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន គឺកម្លាំងចុះបង្ក្រាបជាក់ស្តែងតែម្តង។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យបណ្តាញព័ត៌មានសូមចុះមកយកព័ត៌មានជាក់ស្តែងផង ដើម្បីឲ្យដឹងការពិតថា តើទីតាំងទាំងនោះនៅបន្តបើកលេង ឬក៏មិនលេង។
ទាក់ទិនទៅនឹងករណី សមត្ថកិច្ចចុះបិទទីតាំងល្បែងស៊ីសងខាងលើនេះដែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានការសាទរ ដោយពួកគាត់អះអាងថា សាច់ញាតិពួកគាត់ខ្លះ ពេលចាញ់លុយអស់ នាំតែបង្កអំពើហិង្សាក្នុងគ្រួសារ, កើតចោរលួច ចោរប្លន់បង្កើតអសន្តិសុខក្នុងសង្គមផងដែរ៕