(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
យោងតាមសេចក្តីប្រកាសព័ត៌មានសាកលវិទ្យាល័យធនធានមនុស្ស បានគូសបញ្ជាក់ថា ការប្រគល់សញ្ញាបត្រនៅថ្ងៃនេះគឺជាពិធីប្រគល់សញ្ញាបត្រលើកទី១៦ហើយ។ សាកលវិទ្យាល័យបន្ថែមថា វត្តមានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្ររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះជាការលើកទឹកចិត្ត ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សាកលវិទ្យាល័យបានឱ្យដឹងថា និស្សិតជ័យលាភីទាំង១,៩៥៨នាក់ ដែលនឹងទទួលសញ្ញាបត្រទាំងនេះគឺជាធនធានមនុស្ស ធនធានបញ្ញា ប្រកបដោយសក្តានុពល សម្រាប់ការងារនឹងសង្គមជាតិទាំងមូល ហើយចាប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន ៣៩,៣៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០%ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រៅពីនិស្សិតដែលបានបញ្ចប់ការសិក្សា បច្ចុប្បន្នសាកលវិទ្យាល័យមានសិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតសរុបចំនួន ៥,០៩១នាក់ (នារី ៣,១៦៨នាក់) ដែលកំពុងបន្តការសិក្សាប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគុណតម្លៃ។
ទាំងនេះគឺជាភាពជោគជ័យក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សរបស់សាកលវិទ្យាល័យ ដែលស្តែងចេញឡើងតាមរយៈការពង្រឹងនិងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ការអភិវឌ្ឃកម្មវិធីសិក្សាឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និង ទីផ្សារការងារ ការធ្វើកំណែទម្រង់ទាំងផ្នែកទន់/ផ្នែករឹងតាមផែនការ យុទ្ធសាស្ត្ររបស់ខ្លួន និង ឱ្យស្របតាមស្តង់ដាគុណភាព អប់រំ គោលនយោបាយរបស់ក្រសួងអប់រំ ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព។
ឆ្លៀតក្នុងឱកាសនេះ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យធនធានមនុស្ស បានសម្ដែងនូវគារវភក្ដី និងគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ជាពិសេសជានិច្ចកាលសម្តេចតែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ចំពោះវិស័យអប់រំជាតិ ដែលជាស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ព្រមទាំងបានផ្តល់អនុសាសន៍ ណែនាំល្អៗដល់និស្សិតជ័យលាភី ឧបត្តម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដល់សាកលវិទ្យាល័យ ជារៀងរហូតមក។
ស្របពេលជាមួយឱកាសបវេសនកាលឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យធនធានមនុស្សកំពុងបន្តចុះឈ្មោះនិស្សិតចូលរៀន ថ្នាក់បរិញ្ញាបត្ររង ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញសិក្សាជាច្រើន រួមមាន៖ គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យនិងហិរញ្ញវត្ថុ ធនាគារនិងហិរញ្ញវត្ថុ ម៉ាឃិតធីង(ទីផ្សារ) ទេសចរណ៍ និង អក្សរសាស្រ្តអង់គ្លេស ជាដើម។ល។
ទទួលចុះឈ្មោះរៀងរាល់ម៉ោងធ្វើការនៅសាកលវិទ្យាល័យធនធានមនុស្សខាងត្បូងវត្តមហាមន្រ្តី។ ទូរស័ព្ទលេខ៖ ០២៣៩៨៧៨២៦, ០១២៩៧១៧១៦, ០៦៩៨៥៨១៨៥៕